ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបានជនដៃ គប់គ្រាប់បែកច្នៃ ក្នុងករណីឃាតកម្មតែមិនបានសម្រេច បានហើយ!

ឧត្តរមានជ័យៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីមានករណីឃាតកម្មតែមិនបានសម្រេច (គប់គ្រាប់បែកច្នៃ) កើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ករណីខាងលើជាករណីគំនុំ និងបានកំណត់មុខសញ្ញាសង្ស័យ ទើបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ តឿ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះឆែកឆេរផ្ទះជនសង្ស័យ រកឃើញគ្រាប់បែកដៃលាក់ទុកចំនួន១គ្រាប់ កាំភ្លើងកែច្នៃចំនួន១ដើម និងរំសេវពណ៌ខ្មៅសម្រាប់ឆ្នៃគ្រាប់១ ដប (M១៥០ ទម្ងន់ ១០ក្រាម) ។

សូមបញ្ចាក់ថានៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១០យប់ មានករណីឃាតកម្មមិនបានសម្រេច (គប់គ្រាប់បែកច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានគប់គ្រាប់បែកច្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យស្រ្តីជាប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤៥ឆ្នាំ រងរបួសស្រាល ដោយដាច់រលាត់ត្រង់កជើង ថ្ងាស់ និងគល់ភ្លៅខាងឆ្វេង ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ។

បច្ចុប្បន្នករណីខាងលើបានកសាងសំណុំរឿងរួចរាល់ បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់