ព័ត៌មានជាតិ

ឃើញគេឈ្លោះគ្នា ចូលទៅជួយឃាត់ នាយទាហានម្នាក់ ត្រូវភាគីបង្ក សំពងនឹងចបខ្វែវបក បែកក្បាល!

ពោធិ៍សាត់ៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង២២នាទីយប់ នៅចំណុចស្ទឹងតាចាន់ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកើតករណី ហិង្សាដោយចេតនាមួយ បង្កឡើងជនសង្ស័យ៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ម៉ម ទៀន ភេទប្រុស អាយុ១៦ឆ្នាំ (បានរត់គេចខ្លួុន) , ទី២ឈ្មោះ ចិត្រា ហៅត្រា ភេទប្រុស អាយុ១៩ឆ្នាំ (បានរត់គេចខ្លួុន) និងទី៣ឈ្មោះម៉ម ស្រៀន ភេទប្រុស អាយុ១៨ឆ្នាំ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៣នាក់នេះ បានវាយគ្នាជាមួយក្រុមម្ខាងទៀតជាបក្ខពួករបស់ឈ្មោះ លី ប៉ូ ភេទប្រុស អាយុ៤៣ ឆ្នាំ។ មូលហេតុដោយសារឈ្មោះ ទៀង និងឈ្មោះ ត្រា ដុតផាវលេងជិតកន្លែងពិធីខួបកំណើតកូនរបស់ លី ប៉ូ ហើយឈ្មោះលី ប៉ូ បានទៅវាយលើឈ្មោះ ម៉ម ទៀង របួសស្រាល ហើយបក្ខពួកឈ្មោះ ម៉ម ទៀង បានប្រតាយប្រតប់ជាមួយបក្ខពួក លី ប៉ូ ។ ឃើញដូចនោះឈ្មោះ ខាត់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ បានចូលទៅជួយឃាត់ ក៏បណ្ដាលឲ្យឈ្មោះ ទៀង និងឈ្មោះ ត្រា វាយត្រូវចំឈ្មោះខាត់ សីហា បែកពីលើក្បាល ដេរ៦ថ្នេរ ដោយចបខ្វែវបក។

លុះដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទី ទើបជនរងគ្រោះមកប្ដឹងប៉ូលីសប៉ុស្តិ៍អូរសោម។ រីឯជនសង្ស័យមានពេលរត់គេចខ្លួន បានឲ្យឈ្មោះ ម៉ម ស្រៀន ភេទប្រុស អាយុ១៨ឆ្នាំ ដែលជាបងប្រុសរបស់ជនសង្ស័យឈ្មោះ ម៉ម ទៀង បានយកម៉ូតូឌ្រីមសេ១២៥ ឌុបបក្ខពួករបស់ខ្លួន២នាក់ខាងលើគេចខ្លួនទៅខេត្តកោះកុង ហើយឈ្មោះ ម៉ម ស្រៀន បានបើកម៉ូតូត្រឡប់មកផ្ទះវិញ។

លុះដល់ថ្ងៃទី១៦ខែឆ្នាំដដែលទើបបានកម្លាំងប៉ុស្ដិ៍បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ម៉ម ស្រៀន មកកាន់អធិការដ្ឋាននគរបាលស្រុក ជាមួុយនឹងវត្ថុតាង ចបខ្វែវបកចំនួន២ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់