ព័ត៌មានជាតិ

ប្រទះឃើញរណ្តៅគ្រាប់មិនទាន់ផ្ទុះកប់ចោលយូរឆ្នាំ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ គ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេកាយចេញពីរណ្តៅក្នុងចំការមួយកន្លែងរបស់ប្រជាកសិករ ដែលនៅចំណុចព្រៃទ្រនាប់តាសីជិត ភ្នំចង្ក្រានយក្ស ភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំប្រទល់ខេត្តឧត្តមានជ័យ។

លោក ហង្ស ស៊ីផា បានឲ្យដឹងថា គ្រាប់ទាំងនេះត្រូវបានប្រជាកសិករប្រទះឃើញពេលដែលកំពុងភ្ជួរដីធ្វើចំការ ហើយក៏បានរាយការណ៍មកលោក ពេលនោះលោកក៏បានរាយការណ៍បន្តជូនទៅលោកអភិបាលខេត្ត។

បន្ទាប់ពីទទួលបានពត៌មាននេះលោកអភិបាលខេត្តបានដឹកនាំក្រុមការងាររួមនឹងមន្ត្រីជំនាញចុះទៅដល់រណ្តៅគ្រាប់ដើម្បីពិនិត្យមើលជាក់ស្តែង។

ក្រោយពីបានពិនិត្យជាក់ស្តែងមន្ត្រីជំនាញស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ម៉ីនតោនមានចំនួន៤គ្រាប់ គ្រាប់ហះ២គ្រាប់ និងគ្រាប់៨២ជិត១០០គ្រាប់។ ហើយគ្រាប់គ្រប់ប្រភេទទាំងអស់នេះ សុទ្ធតែនៅថ្មីអាចយកទៅប្រើការបាន វាមានគុណភាព៨០ភាគរយដូច្នេះវាអាចផ្ទុះគ្រប់ពេល។

មន្ត្រីជំនាញដដែលបានបញ្ជាក់ថា ភូមិសាស្ត្រនេះ គឺជាតំបន់សមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក រវាងទ័ពរដ្ឋកម្ពុជាជាមួយ នឹងទ័ពខ្មែរក្រហមហើយគ្រាប់ទាំងនេះត្រូវគេកប់ទុក ដើម្បីធ្វើសង្គ្រាម។

លោក សួន បវរ ក៏បានថ្លែងអំណរគុណដល់ប្រជាកសិករដែលបានចូលរួមរាយការណ៍ពីគ្រាប់ទាំងអស់នេះ។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ បើបានឃើញគ្រាប់មិនទាន់ផ្ទុះនៅទីណា សូមកុំប៉ះពាល់ ឬយកកែច្នៃ និងដំលេងឲ្យសោះ ព្រោះវាអាចផ្ទុះសម្លាប់យើងបានគ្រប់ពេល មួយវិញទៀតត្រូវរាយការណ៍មកកាន់អាជ្ញាធរភូមិ-ឃុំនិងមន្ត្រីមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីឲ្យមន្ត្រីជំនាញធ្វើការកម្ទេចចោល៕

photo_2016-06-08_17-51-00photo_2016-06-08_17-51-02photo_2016-06-08_17-51-05photo_2016-06-08_17-51-07photo_2016-06-08_17-51-09photo_2016-06-08_17-51-10photo_2016-06-08_17-51-12photo_2016-06-08_17-51-17photo_2016-06-08_17-51-19photo_2016-06-08_17-51-21

មតិយោបល់