កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីហិង្សា កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទ្រី ស៊្រន ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ យ៉េន ហៀក ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីឆ្នាំ ២០០៨ ឈ្មោះ ង៉ុយ យ៉េន និងប្រពន្ធឈ្មោះ ចក់ ប៉ិច ជាឪពុកម្តាយ របស់ឈ្មោះ យ៉េន ហៀក ភេទ ស្រី បានចងការប្រាក់ពីឈ្មោះ ទ្រី ស៊្រន ចំនួន ៦,០០០$ បន្ទាប់មកនៅថ្ងៃទី០៤.០៨.២០០៩ តុលាការ បានដាក់លក់ឡាយឡុងផ្ទះនិងដី ហើយឈ្មោះ ទ្រី ស្រ៊ន បានទទួលទិញយក ទើបតុលាការបានចេញសាលក្រម សម្រេចប្រគល់ដី និងផ្ទះរបស់ឈ្មោះ ង៉ុយ យ៉េន ឲ្យទៅឈ្មោះ ទ្រី ស៊្រន។ លុះដល់ថ្ងៃទី ០២.០៧.២០១៤ តុលាការ បានចុះអនុវត្តសាលក្រម ប្រគល់ដីនិងផ្ទះឲ្យទៅឈ្មោះ ទ្រី ស្រ៊ន ហើយឲ្យឈ្មោះ ង៉ុយ យ៉េន និងក្រុមគ្រួសារ ចាកចេញពីដីនិងផ្ទះលំនៅដ្ឋាននោះ។
ក្រោយមកឈ្មោះ ង៉ុយ យ៉េន បានមកសង់ខ្ទមតូចមួយ ស្នាក់នៅលើដីនោះ ជាមួយប្រពន្ធកូន ហើយតុលាការខេត្តកណ្តាល បានឃាត់ខ្លួនឈ្មោះ ង៉ុយ យ៉េន ដាក់ពន្ធនាគារផងដែរ ពីបទប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុនោះ។ រហូតដល់ថ្ងៃទី ០២.០១.២០១៩ វេលាម៉ោង ៨នាទីព្រឹក ឈ្មោះ ទ្រី ស្រ៊ន បាននាំមនុស្សជាច្រើននាក់ ទៅកាប់ឆ្ការព្រៃលើដីរបស់ខ្លួន ដើម្បីធ្វើរបងពេលនោះឈ្មោះ យ៉េន ហៀក ជាកូនរបស់ឈ្មោះ ង៉ុយ យ៉េន បានទៅរារាំងជំទាស់ ហើយឈ្មោះ ទ្រី ស្រ៊ន និងមនុស្សជាច្រើននាក់ ឃាត់ខ្លួនឈ្មោះ យ៉េន ហៀក ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់