ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនសូគីមិច កិនស្ត្រីម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្ត!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បានបើកទៅប៉ះជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យដួល ហើយត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនសូគីមិច មកដល់បុកគោយន្តកន្ត្រៃបន្ថែមបន្តទៅកិនចំជនរងគ្រោះដែលជិះម៉ូតូ ស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ១៧២-១៧៣ ក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក គុប៥០ គ្មានស្លាកលេខ បើកបរដោយស្ត្រីម្នាក់ ស្នាក់នៅភូមិពាលញ៉ែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានបើកមកប៉ះជាមួយនឹងគោយន្តកន្ត្រៃ ម៉ាក យ៉ាន់ម៉ា ពណ៌ក្រហម ដែលកំពុងបើកពីលិចទៅកើត បណ្តាលឲ្យដួល គាប់ជួនពេលនោះក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនសូគីមិច ស្លាកលេខ ភ្នំពេញ 3A-9767 ពណ៌ក្រហមដែលកំពុងបើកពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលបុកគោយន្តបន្ថែម និងជាន់កិនពីលើស្ត្រីរងគ្រោះជាអ្នកជិះម៉ូតូកំពុងដួល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើករថយន្តបង្ករួមនឹងអ្នកបើកគោយន្តកន្ត្រៃ បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង នាំយកធម្យោបាយធ្វើដំណើរទាំង៣គ្រឿងយកមករក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់