ព័ត៌មានជាតិ

អស់ទាស់ហ្មង! ចោរមួយក្រុម ប្រើដាវសាំម៉ូរ៉ៃ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ ក្រុមជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ គោកឃ្លាង ធ្វើរកាឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ០១ និង៣៥នាទី បន្ទាប់ពីបានប្រើដាវសាម៉ូរ៉ៃគំរាមយកម៉ូតូ នៅចំណុចតាមផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជនសង្ស័យទី១. ឈ្មោះ ឈ្មោះ យន់ ដូច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនក្នុងទឹកនោម) ទី២-ឈ្មោះ កាន់ វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀនក្នុងទឹកនោម) និង ៣-ឈ្មោះ ដូន ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មានសារធាតុញៀនក្នុងទឹកនោម)។

រីឯជនរងគ្រោះមានឈ្មោះ មុត តំតារា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1J-5893 (របស់ជនរងគ្រោះ) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះ បានជិះម៉ូតូធ្វើដំណើរមកដល់ ចំណុចកើតហេតុ ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ស្រាប់តែលេចមុខជនសង្ស័យ មានគ្នាចំនួន០៦នាក់ ជិះម៉ូតូចំនួន០២គ្រឿង ឌុបគ្នា មកជិតម៉ូតូរបស់ជនរងគ្រោះ ហើយកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចដកដាវសាម៉ូរ៉ៃចេញពីក្នុងអាវ ធ្វើសកម្មភាពភ្ជុងគំរាមជនរងគ្រោះ យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

ក្រោយពីក្រុមចោរប្លន់ម៉ូតូយកទៅបាត់ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល គោកឃ្លាងតែម្តង លុះព្រឹកឡើង ដោយមានពាក្យបណ្តឹងពីជនរងគ្រោះ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាធ្វើសកម្មភាព នៅវេលាម៉ោង១៤ និង០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ នៅតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម យកមកធ្វើការសាកសួរ នៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ចំណែកបក្ខពួកជនសង្ស័យចំនួន៣នាក់ទៀតបានគេចខ្លួនបាត់ ។

បន្ទាប់ពីការសាកសួរពីសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាព ប្លន់ម៉ូតូពីជនរងគ្រោះ ដោយប្រើដុំថ្មគប់ និងបាញ់ជំពាមកៅស៊ូ ទៅលើជនរងគ្រោះ នៅចំណុចតាមផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២ និង៤០នាទី ជាមួយបក្ខពួកមានគ្នាចំនួន០៦នាក់ ដោយយកបានម៉ូតូចំនួន០១គ្រឿង ម៉ាកហ្សូម័រ ។

បច្ចុប្បន្នជនសង្ស័យទាំង៣ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់