ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីយុវជន២ក្រុម ដេញកាប់ប្រដាប់ដោយដាវសាំម៉ូរៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន២នាក់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវ៩៧ ក្រុមទី៦ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស៊ុន ភក្ដី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ និងជនរងគ្រោះឈ្មោះ ណាន សុវិរៈរតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមការរៀបរាប់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកដាវកាប់ទៅលើយុវជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះបានខ្ចីទូរសព្ទមិនសង ហើយក៏ឈ្លោះប្រកែកគ្នា ទើបទាញដាវដេញកាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យនិងជនរងគ្រោះ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់