ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យឯកជនមួយកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឲសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ហុង គឹមស្រូ អាយុ ៣៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។
យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីរូបស្រស់ ២នាក់ បានបើករថយន្តម៉ាក តូយូតាព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BQ-8691 បើកបរតាមបណ្ដោយផ្លូវ ១៨២ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងស្តុបខៀវខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9025 ជិះតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ទាំងបំពានស្តុបក្រហមក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលអោយដួលបែកឈាមពេញមុខ ហើយភ្លាមនោះដែរប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានទាក់ទងទៅខាងរថយន្តសាមុយអោយមកដឹកយកទៅសង្រ្គោះភ្លាមៗ តែអកុសលដោយសភាពធ្ងន់ធ្ងរពេក មិនអាចជួយសង្រ្គោះបានក៏បាត់បង់ជីវិតទៅឯមន្ទីពេទ្យតែម្តងទៅ ចំណែកឯរថយន្តតូយូតាព្រូសវិញបានបន្តល្បឿនទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌសែនសុខ និងអោយបងប្អូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីតាមស្រាវជ្រាវរករថយន្ត បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់