ព័ត៌មានជាតិ

តុលាការជំនុំជម្រះទោស ចាងហ្វាងកាសែត “សុវណ្ណនគរ” ពាក់ព័ន្ធករណីប្លន់សម្លាប់យករថយន្ត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក លី លឹបម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឃាតកម្មគិតទុកជាមុន ដែលមានជនជាប់ចោទជា ចាងហ្វាងកាសែត “សុវណ្ណនគរ” និងបក្ខពួក២នាក់ទៀតកំពុងរត់គេចខ្លួន។

ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖

-ទី១ឈ្មោះ សោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរចាងហ្វាងកាសែតសុវណ្ណនគរ

-ទី២ឈ្មោះ សេង ផារ៉ាដា ហៅម៉ាប់ ភេទប្រុស កំពុងរត់គេចខ្លួន

-និងទី៣ឈ្មោះ សួន សារាយ ហៅបូរ ភេទប្រុស កំពុងរត់គេចខ្លួន។

ជនជាប់ចោទទាំង៣នាក់ត្រូវាបានលោក ចែ សុង តំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីវាលគំនរសំរាម ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុភ័ក្រ ហៅលាង (ស្លាប់) អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិករត់ឯកសារក្រុមហ៊ុន កាក់វៃហួរ ត្រូវបានគេប្រទះឃើញសាកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅមាត់ប្រឡាយទឹក ស្ថិតនៅក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។

នៅក្នុងសវនាការនាព្រឹកមិញនេះ ជនជាប់ចោទឈ្មោះ សោម គឹមស៊ាន បានបដិសេធរាល់ចម្លើយដែលខ្លួនបានចំម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌។ ជនជាប់ចោទអះអាងថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភ័ក្រ នោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ឈ្មោះ ម៉ាប់ និងឈ្មោះ បូរ (ជនជាប់ចោទដែលកំពុងរត់គេចខ្លួន) ហើយឈ្មោះម៉ាប់ បានហៅទូរស័ព្ទឲ្យជូនទៅបញ្ចាំរថយន្តមួយគ្រឿងម៉ាក កាមេរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ 2AD-3736។ លុះនៅពេលយករថយន្តទៅដល់កន្លែងបញ្ចាំកាស៊ីណូណាហ្គាវើល រថយន្តនោះមិនមានឯកសារគ្រប់គ្រាន់ទើបគេមិនយក។ ហើយក៏បាននាំគ្នាយកទៅបញ្ចាំនៅកាស៊ីណូ Crown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល តែនៅទីនោះ គេមិនទទួលទៀត និងចុងក្រោយយកទៅបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown បានប្រាក់ចំនួន ៥ពាន់ដុល្លារ ចែកគ្នាបានម្នាក់ជាង១ពាក់ដុល្លារ។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថនៅដំណាក់កាលនគរបាលយុត្តិធម៌ជនជាប់ចោទឈ្មោះ សោម គឹមស៊ាន បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភ័ក្រ ហៅលាង អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន កាក់វៃហួរ និងជាអ្នករត់ឯកសារឲ្យរោងចក្រកាត់ដេរ ដោយពួកគេ និងជនរងគ្រោះ គឺជាអ្នកស្គាល់គ្នា។ ជនជាប់ចោទដដែលបានបន្តថា ឈ្មោះម៉ាប់ ជាមិត្តភក្តិជិតដិតបំផុតជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ ឈ្មោះម៉ាប់បាន បបួលជនរងគ្រោះទៅផឹកស៊ី និងចូលច្រៀងខារ៉ាអូខេចេរ(J) នៅម្តុំបឹងត្របែក។ នៅពេលចូលច្រៀងខារ៉ាអូខេ ដោយជនរងគ្រោះចូលបន្ទប់ទឹក ឈ្មោះ ម៉ាប់ បានដាក់ថ្នាំ ងង៉ុយដេកចូលក្នុងកែវស្រាជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបពួកគេទាំង៤នាក់ឈប់ផឹក រួចនាំគ្នាឡើងរថយន្តជនរងគ្រោះ ហើយបើករថយន្តចេញទៅ រហូតដល់កន្លែងស្ងាត់ ពួកគេនាំគ្នាធ្វើសកម្មភាព ដោយបានយកខ្សែលីឡុងខ្មៅរឹតកជនរងគ្រោះរហូតដាច់ខ្យល់ និងពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ។

ក្រោយកាស្រាវជ្រាវសមត្ថកិច្ចបានបន្តទៅដកហូតយករថយន្តជនរងគ្រោះពីកន្លែងបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីងក្បែរកាស៊ីណូcrown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលដែលជាវត្ថុតាង និងបានប្រគល់ទៅឲ្យគ្រួសារសពជនរងគ្រោះវិញហើយ ចំណែកជនដៃដល់ផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

សំណុំរឿងនេះលោក លី លឹបម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះបានសម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៦ខាងមុខវិញ៕

photo_2016-06-09_13-58-12photo_2016-06-09_13-58-16

មតិយោបល់