ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា រងរបួសធ្ងន់សងខាង

ភ្នំពេញៈ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់របួសបាក់ជើងទាំងពីរ និងបុរសម្នាក់ទៀតរបួសបាក់ជើងដូចគ្នា។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-4291 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-5995 បើកបរដោយស្រ្តីម្នាក់ ឈ្មោះ កែវ គឹមជាតិ អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

តាមប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញ ភាគីម៉ូតូ ខាងស្រ្តីរងរបួស បើកចេញពីផ្លូវQMI ឆ្លងផ្លូវ ពីជើងទៅត្បូងបំរ៉ុងបត់ឆ្លងផ្លូវឆ្ពោះទៅកើត ហើយខណៈដែលកំពុងឆ្លងផ្លូវ ស្រាប់តែម៉ូតូខាងភាគី បុរសរងគ្រោះ បើកក្នុងល្បឿនលឿន ពីលិចទៅកើត ជ្រុលមកបុកម៉ូតូ របស់ស្រ្តីរងគ្រោះ បណ្តាលឲ្យដួលគរលើគ្នា បង្កឲ្យ ភាគីខាងបុរសរងរបួសបាក់ជើង ហើយត្រូវបានឡើងជិះតាមម៉ូតូឌុបទៅពេទ្យដោយខ្លួនឯងបាត់។ ចំណែកស្រ្តីរងគ្រោះម្នាក់ទៀត បាក់ជើងទាំង២ ត្រូវបានប្រជាពលរដ្ឋ ជួយដឹកតាមម៉ូតូកង់បី ទៅគ្លីនិកចោមចៅ ។ ដោយឡែកម៉ូតូ ទាំង២គ្រឿង សេរី២០១៦ បាក់កង់មុខ ចំណែក ម៉ូតូ សេរី២០១២ បែកកាទែរ(បែកម៉ាស៊ីន) ។

ក្រោយកើតហេតុនគរបាលចុះទៅដល់កន្លែកើតហេតុ ធ្វើការវាស់វែង រួចយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំភាគីសងខាង ចូលដោះស្រាយពេលក្រោយ៕

https://youtu.be/XAbKlkO-D7o

https://youtu.be/JemmKNxDDWg

https://youtu.be/4ELNVy8jSAY

https://youtu.be/Loh1QYb70v0

dg

មតិយោបល់