ព័ត៌មានជាតិ

រថយន្ត២គ្រឿង និងទំនិញខុសច្បាប់១៦កេសស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាម ត្រូវបង្រ្កាបនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភះ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ.ហ ក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក អ/ឯ សរ សុភ័ក្ត្រា មេញ្ជាការស្ដីទី អ.ហ ក្រុង បានសហការជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ការិយាល័យផលិតកម្ម និងបសុព្យាបាល(ពេទ្យសត្វ) ក្រុងប៉ោយប៉ែត ចុះបង្រ្កាបករណីដឹកជញ្ជូនទំនិញខុសច្បាប់មានដូចជា៖ ត្រចៀកជ្រូក,ថ្លើមជ្រូក,ពោះវៀន,ក្រពះ និងខួរ នៅចំណុចភូមិ/សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ។
លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេ/ការ ស្ដីទី អ.ហ ក្រុង បានឱ្យដឹងថា ការចុះធ្វើប្រតិបត្តិការករណីខាងនេះឃាត់ខ្លួនបានអ្នកបើកបររថយន្តចំនួន០២នាក់ ,រថយន្តចំនួន០២គ្រឿង និងទំនិញខុសច្បាប់សរុប ចំនួន១៦កេសស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាម។
លោកអនុសេនីយ៍ឯក សរ សភ័ក្ត្រា បានបញ្ជាក់ទៀតថា ១/.រថយន្តម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២/.រថយន្តម៉ាក ហាយឡេនដឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត ប/ជ ។
បច្ចុប្បន្ន វត្ថុតាង និងអ្នកបើកបររថយន្តទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីហើយ៕

 

មតិយោបល់