ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនមួយចំនួន

សៀមរាប: ​​ជនសង្ស័យ​ម្នាក់ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​​​​​​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២០​កញ្ចប់​ធំ​ និង​០៣​កញ្ចប់​តូច​ ​ទូរស័ព្ទដៃ​០២​គ្រឿង​ និង​ដាវ​០១​ដើម ​រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​។

​ប្រតិបត្តិការ​បង្ក្រាបនេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃទី​០៨ ​ខែមិថុនា​ ឆ្នាំ​២០១៦ ​រស់នៅ​ភូមិ​ថ្នល់​ឃុំ​ចារ​ឈូក​ ស្រុក​អង្គរជុំ ​ខេត្ត​សៀមរាប​ ​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចារ​ឈូក​។

នគរបាលបាន​ឲ្យ​ដឹងថា ​ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ​មានឈ្មោះ​ភឿ​ត ទិតៀន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ចារ​ឈូក ​ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​។

នគរបាល ​បាន​បន្ដ​ថា ក្រោយពី​បាន​ឃាត់ខ្លួន និង​ដកហូត​នូវ​វត្ថុតាង​រួចមក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​យក​មក​ធ្វើការ​សាកសួរ​ និង​រៀបចំ​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។

បច្ចុប្បន្ន ​ជន​សង្ស័យ​​ ​រួម​ទាំង​វត្ថុតាង​ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

DRUG1

មតិយោបល់