ព័ត៌មានជាតិ

ឡិចស៊ីសបុកម៉ូតូ ស្លាប់ស្រី្ត២នាក់ នៅព្រះសីហនុ!

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តបើកបុកម៉ូតូ បណ្តាលឲ្យស្រី្តចំនួន២នាក់ស្លាប់ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៣-១៩៤ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទី១មានឈ្មោះ លាង ទី ភេទស្រី អាយុ២៦ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរម្នាក់ឈ្មោះ តក់ ផលលីន ភេទស្រី អាយុ២០ឆ្នាំ(ស្លាប់) បើកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-7296។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្ត១គ្រឿង ម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ2A-6084។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងដំណើរស្របទិសគ្នានឹងម៉ូតូជនរងគ្រោះ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូតមកបុកម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗតែម្តង។ ចំណែកជនបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់