ព័ត៌មានជាតិ

រថយន្តនីសាន់ណាវ៉ារ៉ា បើកវ៉ារថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន(Giantibis Transport)ជ្រុលទៅបុករថយន្តដឹកដីក្រឡាប់ ចាក់ដីពេញផ្លូវ

ភ្នំពេញ: រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា បើកវ៉ាជែងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន(Giantibis transport)ប៉ះកៀរជ្រុលចង្កូតទៅបុករថយន្តដឹកដីក្រឡាប់ចាក់ដីពេញផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង១០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦ ត្រង់ចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក នីសាន់ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD -5335។ រថយន្តរងគ្រោះទី១ម៉ាកហ៊ីណូ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02.3-0561។ រថយន្តរងគ្រោះទី២ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ AT18 3-0349។ អ្នកបើកបររថយន្តទាំង៣គ្រឿងមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AD-5335 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងត្បូង ខណ:មកដល់ចំណុចកើតហេតុ បានបើកវ៉ាខាងស្តាំដៃរបស់រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន(Giantibis Transport)ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខAT18-3-0349 ខណ:ដែលកំពុងវ៉ានោះបានប៉ះកៀរក្បាលរថយន្តក្រុងខាងស្តាំ ហើយរថយន្តបង្កជ្រុលទៅមុខប៉ះជាមួយខឿនថ្មសួនច្បារទ្រូងផ្លូវ រួចបួងចង្កូតទៅខាងស្តាំដៃវិញជ្រុលទៅបុកគូទរថយន្តដឹកដីម៉ាកហ៊ីណូ ពណ៌ត្រេអី ពាក់ស្លាកលេខេមរភូមិន្ទ02 3-0561ចំពីក្រោយបណ្តាលឲ្យក្រឡាប់ចាក់ដីពេញផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុរថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់