កំពង់ស្ពឺៈ ថវិកាចំនួន១៤២៩០៥ដុល្លារ បានមកពីការចូលរួមរបស់សប្បុរសជននានា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី ១៥៣ សាខាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា កាកបាទកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងសម្តេចម៉ែ គង់ជាប្រធានកិត្តិយស បានចុះជួយដល់ប្រជាលពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយឡើយ ។ ប្រជាពលរដ្ឋរស់នៅតំបន់ណាជួយគ្រោះធម្មជាតិ អត់ឃ្លាន ជួបនូវការលំបាក ខ្វះខាតនោះ កាកបាទក្រហមកម្ពុជា តែងទៅដល់ទីនោះ ដើម្បីជួយរំលែកទុក្ខលំបាក តាមរយៈសកម្មភាពមនុស្សធម៌ ចែកជូនស្បៀងសង្គ្រោះបន្ទាន់ ថ្នាំសង្កូវ និងគ្រឿងឧបភោគបរិភោគផងដែរ។
លោក បន្តថា ដោយឡែកសាខាកាកបាទក្រហម ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពគ្រប់កាលៈទេសៈទាំងអស់នៅពេលដែលប្រជាពលរដ្ឋជួបប្រទះបញ្ហាទុក្ខលំបាកនានា។
លោកបានបន្តថា ដោយអនុវត្តន៍តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍លើផ្ទៃប្រទេសទាំងមូល និងមានការអភិវឌ្ឃន៍រីកចម្រើនលើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ រូបមាន ស្ពាន ថ្នល់ មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន វត្តអារាម សេដ្ឋកិច្ចជាតិវាខុសដាច់កាលពីជាង២០ឆ្នាំមុន ។ ក្នុងនោះកាកបាទក្រហមបានរួមចំណែកយ៉ាងសកម្មក្នុងធ្វើកិច្ចការងារសង្គម ការងារមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលគ្រប់ពេលវេលាដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ និន្នាការនយោបាយឡើយ។
នាឱកាសនេះសាខាកាកបាទក្រហម ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោកលើកទី១៥៣ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ឆាយ ថន ដោយមានចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត សិស្ស និស្សិត អាជីវករ សិប្បករ អ្នកស្ម័គ្រចិត្ត ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយប្រមូលបានថវិកាពីរួមចំណែករបស់បងប្អូនសរុបជាង១៤ម៉ឺនដុល្លារ សម្រាប់សាខាកាកបាទក្រហមទុកប្រើប្រាស់ក្នុងការងារមនុស្សធម៌។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះសប្បុរសសជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម និងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីដល់សាខាកាកបាទកម្ពុជាសម្រាប់ទ្រទ្រង់ ការងារមនុស្សធម៌ក្នុងការងារជួយជនរងគ្រោះផ្សេងៗនោះ៕
មតិយោបល់