ភ្នំពេញៈ ថៅកែសួនសុបិនដែលមានដើមចោទប្តឹងក្នុងសំណុំរឿងចេញសែកស្អុយជាច្រើននៅក្នុងដៃតុលាការក្រុងភ្នំពេញ ត្រូវបានលោក ឆែ វីរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះទោសហើយនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
ជនជាប់ចោទឈ្មោះ ឃួន សារុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ពាណិជ្ជករ ត្រូវបានកញ្ញា ឆុង ឆវ័ន្ត តំណាងអយ្យការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចនូវឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ក្នុងទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅអំឡុងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១២ និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន។
ជនជាប់ចោទឈ្មោះ ឃួន សារុំ បាននិយាយថា ឈ្មោះ នួន សុន ជាថៅកែក្រុមហ៊ុន ស៊ុន ហួយ ខនដ្រាក់សិន ឌីវែលលុបមិន ខូអិលធីឌី (SUN HOUY Construction Development Co.,LTD) ជាដើមបណ្តឹង បានរកសុីជាមួយគ្នាបើករោងចក្រកិនថ្មភ្នំ។ ជនជាប់បានសារភាពថា ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ ចំនួន៤ម៉ឺនដុល្លារពិតមែន។
សំណុំរឿងនេះត្រូវបានលោកចៅក្រម ឆែ វីរៈ សម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ខាងមុខវិញ៕
មតិយោបល់