ប្រទេសនេប៉ាល់ បានធ្វើការហាមឃាត់ការលក់សត្វមាន់នៅក្នុងប្រទេស បន្ទាប់ពីមន្ត្រីសុខាភិបាលបានរកឃើញករណីជំងឺគ្រុនផ្ដាសាយបក្សីនៅក្នុងកសិដ្ឋានបសុបក្សីមួយចំនួននៅជាយរដ្ឋធានី Kathmandu នេះបើយោងតាមមន្ត្រីសមត្ថកិច្ចឲ្យដឹង។
មន្ត្រីសុខាភិបាលប្រចាំការនៅក្នុងការិយាល័យសុខភាពសត្វ បាននិយាយថា រដ្ឋាភិបាលបានធ្វើការហាមឃាត់ការផ្គត់ផ្គង់ និងលក់នូវផលិតផលបសុបក្សីដើម្បីបង្ការមេរោគបក្សី H5N1 ពីការរីករាលដាលដល់មនុស្ស។
លោក Bolraj Acharya ប្រធានការិយាល័យសុខភាពសត្វបាននិយាយថា “យើងបានសម្រេចចិត្តជ្រើសរើសយកវិធីនេះ ដើម្បីរក្សានូវជីវិតមនុស្ស រួមនឹងផលប៉ះពាល់ដល់កសិដ្ឋានបសុបក្សី”។
ចាប់តាំងពីផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីកាលពីពីរសប្ដាហ៍កន្លងទៅនេះ មន្ត្រីសុខាភិបាលបានសម្លាប់មាន់អស់ចំនួន ២២០.០០០ក្បាល និងបំផ្លាញពងមាន់អស់ច្រើនជាង ៤០០.០០០ពង នៅក្នុងកសិដ្ឋាន ៣០កន្លែង ដែលនេះជាការផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីធំជាងគេនៅក្នុងប្រទេសនេប៉ាល់ដែលមិនធ្លាប់មានកន្លងមក។
គួរបញ្ជាក់ផងដែរថា ប្រទេសនេប៉ាល់ធ្លាប់ជួបជំងឺផ្ដាសាយបក្សីដំបូងកាលពីខែមករាឆ្នាំ២០០៩ ហើយបើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា H5N1 បានស្លាប់មនុស្សចំនួន ៣៧៧នាក់នៅលើជុំវិញពិភពលោក ដោយគិតចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ខែកក្កដាឆ្នាំ ២០១៣៕
មតិយោបល់