ព័ត៌មានជាតិ

បាញ់ទៀតហើយ!!! ចេញពីក្លឹបប្លូលឡាញ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់មួយរំពេច សង្ស័យរឿងគំនុំ!

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានទំនាស់ពាក្យសម្តីជាមួយជនមួយក្រុមទៀតនៅក្នុងក្លឹបមួយកន្លែង ហើយបានចេញជិះមូតូត្រឡប់មកផ្ទះ ក៏ត្រូវបានជនមិនស្គាល់មុខជិះរថយន្តមកពីក្រោយបាញ់ស្លាប់នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ លើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ជា អាយុ២៣ មុខរបរនៅផ្ទះ ស្នាក់ជាមួយបង ក្រោយពេទ្យលោកសង្ឃ​ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិព្រែកតាមូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជិះ ម៉ូតូមួយគ្រឿងម៉ាកឌុក ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GP-9640។

តាមសម្តីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាងម៉ោង៩យប់ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចូលមកក្នុងក្លឹបប្លូលឡាញដើម្បីជួបជុំមិត្តភក្តិនិងរាំលេងកម្សាន្ត លុះមកដល់ម៉ោងកើតហេតុខាងលើ បានទាស់ពាក្យសម្តីតិចតួច ជាមួយបុរសមួយក្រុមទៀត ខណៈពេលនោះជនរងគ្រោះបានមិត្តភក្តិថា សូមត្រឡប់ទៅផ្ទះមុនហើយ បានជិះម៉ូតូចេញទិដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនមិនស្គាល់មុខម្នាក់ ជិះរថយន្តមួយគ្រឿងមិនម៉ាក បានជិះមកពីក្រោយបានដកកាំភ្លើង១ដើមមិនចាំម៉ាកបាញ់មួយគ្រាប់ចំកញ្ចឹងកបណ្តាលឲ្យរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកខ្មាន់កាំភ្លើង បានបើករថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ព្រមទាំងសាច់ញាតិជនរងគ្រោះផងដែរនិងដោយបានដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/0NqJVgjt-j8

មតិយោបល់