ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ព្យាយាមវ៉ារថយន្តមួយគ្រឿង មិនផុតក៏ជ្រុលបុករថយន្តកុងតឺន័មួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យម្នាក់រងរបួសបាក់ជើងស្ដាំ ចំណែកម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅមុខបុរីញ៉ូថោន លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញយុវជនទាំង២នាក់បានជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-6550 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមវ៉ារថយន្តមួយគ្រឿងតែមិនផុតស្រាប់ក៏ជ្រុលបុករថយន្តកុងតឺន័មួយគ្រឿងទៀតដែលធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងតែម្ដង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល បន្ទាប់មករថយន្តក៏បានបន្ថែមល្បឿនបាត់ស្រមោល។ ភ្លាមៗនោះផងដែរស្រាប់តែមានជនឆ្លៀតឱកាសបានបន្លំយកទូរសព្ទដៃជនរងគ្រោះបាត់មួយគ្រឿងគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំបងប្អូនយកឯកសារមកពិនិត្យនិងប្រគល់ឲ្យទៅវិញ៕
មតិយោបល់