នៅថ្ងៃទី១២សីហានេះអត្តពលិកទាំង៣ត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការគណ:កម្មាធិការ ជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើនអគ្គលេខាធិការ NOCC ។
ឯកឧត្តមមានប្រសាសន៍ថាការប្រកួតកីឡាសម្រាប់យុវជនគឺមិនមែនមានតែការប្រកួតប៉ុណ្ណោះទេ តែវាជាព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរបទពិសោធន៍ និង វប្បធម៌គ្នាទៅវិញទៅមក ហើយក្រុមយុវជនមកពីជុំវិញពិភពលោក ។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះទោះបី ក្រុមណាចាញ់ ឬឈ្នះក៏ដោយក៏ត្រូវតែនៅទាល់តែព្រឹត្តិការណ៍នេះបញ្ចប់ទើបអាចមកវិញបានព្រោះយុវកីឡាករ កីឡាការិនីត្រូវចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតនៅទីនោះ ។ការប្រកួតលើកនេះកីឡាចំនួន៣០ប្រភេទត្រូវបានដាក់ឲ្យប្រកួត។ប្រទេសចំនួន២០៤ដែលជាសមាជិកអូឡាំពិកអន្តរជាតិបានបញ្ជូនអត្តពលិកចំនួន៣.៨០៨នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
៣ប្រភេទកីឡាទៅចូលរួមនោះមានប្រភេទកីឡាហែលទឹក ចំបាប់ និង អត្តពលកម្ម ហើយពួកគេនឹងចេញដំណើរនៅថ្ងើទី១៤សីហា ។
សម្រាប់ប្រភេទកីឡាចំបាប់កីឡាការិនី ឌន ស្រីម៉ៅ អាយុ១៨ឆ្នាំនឹងប្រកួតក្នុងប្រភេទ ទម្ងន់៥២គីឡូក្រាមប្រភេទចំបាប់សេរី ។
កីឡាករហែលទឹកចេង សុផា អាយុ១៥ឆ្នាំ នឹងប្រកួតលើវិញ្ញាសាហែល៥០ ម៉ែត្ររបៀបសេរី។
ដោយឡែកកីឡាការិនីអត្តពលកម្មសុខាបញ្ញាវីរិយវត្តីនឹងប្រកួតក្នុងវិញ្ញាសារត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ ។
គួរបញ្ជាក់ថានេះជាព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនប្រារព្វឡើងជារៀងរាល់៤ឆ្នាំម្ដង។ កាលពីឆ្នាំ២០១០លើកទី១ធ្វើនៅសឹង្ហបូរីកីឡាការិនីយូដូកម្ពុជាសំសុធាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿង។
នៅឆ្នាំ២០១៨ដែលជាការប្រកួតលើកទី៣ នឹងធ្វើនៅប្រទេសអាហ្សង់ទីន។
ក្រុមហ៊ុនស្រាបៀរអង្គរបានចូលរួមឧបត្ថម្ភចំពោះការចេញដំណើរទៅចូលរួមក្នុងការប្រកួតកីឡាអូ ឡាំពិកយុវជនលើកទី២នៅទីក្រុងណានជីងនេះផងដែរ។
បញ្ជាក់ផងដែរថា ការប្រកួតកីឡាអូឡាំពិកយុវជន(Youth Olympic Game)លើកទី២ដែលធ្វើនៅទីក្រុង ណានជីងប្រទេសចិនដែលចាប់ផ្ដើមពីថ្ងៃទី១៦ដល់២៨ ខែសីហាឆ្នាំ២០១៤ ៕
មតិយោបល់