តាកែវៈ នៅថ្ងៃច័ន្ទ ២កើត ខែបុស្ស ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទីរសៀល មានករណីបុរសម្នាក់លង់ទឹកអណ្តូងទរជម្រៅ១២ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងភូមិត្រពាំងលើ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ អ៊ុច សាវឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ យុន ម៉ាលីន ភេទស្រី អាយុ៤៦ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខោអាវទៅបោកគក់ នៅអណ្តូងទឹកខាងមុខផ្ទះមានចម្ងាយប្រមាណជាង៥ម៉ែត្រពីផ្ទះរបស់ខ្លួន ខណៈដែលជនរងគ្រោះកំពុងដងទឹកអណ្តូង ស្រាប់តែធា្លក់ក្បាលចូលទៅក្នុងអណ្តូង ស្របពេលនោះដែរប្រពន្ធរបស់គាត់បានឃើញប្តីធ្លាក់ទៅក្នុងអណ្តូង រួចក៏ទៅហៅប្រជាពលរដ្ឋឲ្យជួយស្រង់ តែជាអកុសលជនរងគ្រោះស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយលង់ទឹកប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់