(ភ្នំពេញ)៖ ជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ឫស្សីកែវ បានធ្វើការឃាត់ខ្លួន ក្រោយពីពួកគេទាំង ២នាក់បានចូលទៅក្នុងផ្ទះសំណាក់ និងបានធ្វើសកម្មភាព លួចយកទូរទស្សន៍នៅក្នុងផ្ទះសំណាក់ កាលពីវេលាម៉ោង ១១ និង០០នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះសំណាក់យីហោ បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថាៈ ជនសង្ស័យទាំង ២នាក់ ប្តីប្រពន្ធ ដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ ទី១ មានឈ្មោះ តាំង ប៊ុនតេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងទី២ ឈ្មោះ សរ លាភ ភេទ ស្រី អាយុ ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជុំ ម៉ារ៉ា ភេទ ស្រី អាយុ ២៥ឆ្នាំ មានទីលំនៅ ផ្ទះសំណាក់ បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០២នាក់ ប្តីប្រពន្ធ យកមកប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរតាមនិតិវិធី ។ ក្រោយមកសមត្ថកិច្ច បានធ្វើការប្រគល់សម្ភារៈ ដែលជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ បានលួចនៅក្នុងផ្ទះសំណាក់នោះ ឱ្យទៅម្ចាស់ផ្ទះវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលឫស្សីកែវ បញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី ៕
មតិយោបល់