កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាកមួយគ្រឿង បានបុកម៉ូតូវ៉េវពេញទំហឹង បណ្តាលឲ្យស្ត្រី២នាក់របួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៦២-៦៣ ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តមិនចាំម៉ាកមួយគ្រឿង បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតមកបុកម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-9352 ដែលកំពុងជិះដោយស្ត្រី២នាក់ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ពេទ្យកំពង់ស្ពឺ។ រីឯរថយន្តបើកគេចបាត់ស្រមោលតែម្តង៕
មតិយោបល់