ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាច់សោ.កម៉ូតូ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ​ បានធ្វើការឃាត់ខ្លួន​ ក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់កម៉ូតូ​ កាលពីវេលាម៉ោង​ ៧និង៤០នាទីព្រឹក​ ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅចំណុចផ្ទះលេខ៧៤២​ ផ្លូវលេខ៦២​ ក្រុមទី៤​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យឈ្មោះ​ ឡា​ សុខឡេង​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅសង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ​ មានស្រុកកំណើតនៅភូមិស្ពឺ​ ឃុំស្ពឺ​ ស្រុកចម្ការលើ​ ខេត្តកំពង់ចាម​ ចំណែកឯជនរងគ្រោះឈ្មោះ​ អ៊ឹង​ ថង​ ភេទ​ប្រុស​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ ជួសជុលនាឡឹការ​ ស្នាក់ផ្ទះកើតហេតុខាងលើ​។

ប្រភពព័ត៌មាន​ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះ​ ហើយកំពុងតែរៀបចំងូតទឹក​ ខណ:ពេលនោះ​ ជនរងគ្រោះបានមើលនៅក្នុងកាមេរ៉ាសុវត្ថិភាព​ ក៏បានឃើញជនសង្ស័យ​ យកកូនសោរម៉ូតូពីក្នុងខោប៉ៅ​ យកមកចាក់កាច់កម៉ូតូ​ មួយគ្រឿង​ ម៉ាក​ HONDA C125 ពណ៌ខ្មៅ​ ភ្នំពេញ​ 1AP-5450 ក្រោយមកជនរងគ្រោះបានចេញពីក្នុងផ្ទះ​ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ​ ពេលនោះ​ សមត្ថកិច្ចបានមកដល់​ ហើយបានជួយអន្តរាគមន៍នាំយកសង្ស័យ​ និងវត្ថុតាងកូនសោរម៉ូតូ​ ០២​ យកមកប៉ុស្តិ៍​ ដើម្បីធ្វើការសាកសួរ​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅកាន់តុលាការ​ ចាត់ការតាមនីតិវិធីច្បាប់​៕​

photo_2016-06-10_09-31-45

photo_2016-06-10_09-31-44

photo_2016-06-10_09-31-44 (2)

photo_2016-06-10_09-31-43

photo_2016-06-10_09-31-42

photo_2016-06-10_09-31-41

photo_2016-06-10_09-31-40

photo_2016-06-10_09-31-39

មតិយោបល់