ភ្នំពេញៈ កម្មករសំណង់ម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធនិងកូនតូចប្រុសស្រី២នាក់ឲ្យរស់នៅកំព្រា កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងការដ្ឋានសាងសង់សកលវិទ្យាល័យវិចិត្រសិល្បៈ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសម្ដីប្រពន្ធជនរងគ្រោះឈ្មោះ ជាង ចាន់ដា អាយុ៣០ឆ្នាំ មុខរបរជួលលក់បាញ់ឆេវឲ្យគេ ស្នាក់នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានកូនស្រីប្រុសតូចៗ២នាក់ បានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់ដែលជាជនរងគ្រោះ មានឈ្មោះ ក្រាញ់ ឆន អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ប្ដីរបស់គាត់ជារៀងរាល់ថ្ងៃតែងតែចេញទៅធ្វើការសំណង់ ក្នុងការដ្ឋានខាងលើ ដោយមៅកាត់សសរថ្មក្បាលគ្រឹះក្នុងរណ្ដៅ ។ ហើយនៅពេលកើតហេតុ ដោយសារការកាត់សសរក្បាលគ្រឹះនោះនៅក្នុងរណ្ដៅមានទឹក ទើបធ្វើឲ្យជនរងគ្រោះយកម៉ូទ័រទៅកាត់ក្នុងទឹកបណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់រងរបួសធ្ងន់ធ្ងរតែម្ដង ។ តែក្នុងអំឡុងពេលកើតហេតុ ក៏មានកម្មករដូចគ្នា២នាក់ បានជួយលើកជនរងគ្រោះពីកន្លែងកើតហេតុ ហើយបានយកដីខ្សាច់ កប់ជនរងគ្រោះដើម្បីជួយបឋមផងដែរ ដោយពុំឃើញមានតំណាងការដ្ឋានសាងសង់ខាងលើមកជួយអន្តរាគមន៍នោះឡើយ ។ ហើយពេលនោះកម្មករសំណងដូចគ្នាក៏បានទាក់ទងហៅរម៉ក់ម៉ូតូដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ តែអកុសលគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយមក សាច់ញាតិជនរងគ្រោះក៏បានដឹកសពយកមកតម្កល់នៅវត្ត សំពៅក្រៃស័ក្ដ ដែលស្ថិតនៅក្បែរសណ្ឋារគារ សុខា ដោយមានសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញខាងកោសល្យវិច័យមកពិនិត្យ និងទំនាក់ទំនងទៅក្រុមហ៊ុនមៅការសំណង់ខាងលើ មកដោះស្រាយផងដែរ ។ បន្ទាប់មកឪពុកម្ដាយបង្កើតសពជនរងគ្រោះបានស្នើសុំយកសពជនរងគ្រោះ ដឹកយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/p1sDoIG3Kos
មតិយោបល់