ព័ត៌មានជាតិ

Update៖ រថយន្តដឹកថ្មបុកកិនអ្នកជិះម៉ូតូជាប់ក្រោមកង់ស្លាប់ម្នាក់ រួចជ្រុលទៅបុករថយន្តឡិចស៊ីសមួយគ្រឿងទៀតខូចខាត

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមរថយន្តដឹកថ្មមួយគ្រឿង ខណ:រថយន្តបានបើកបរក្នុងល្បឿនលឿន បុកម៉ូតូរបស់ជនរងគ្រោះពីពីក្រោយ បណ្តាលឲ្យគាបជាប់ខាងក្រោមរថយន្តហើយ មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស RX៣០០ របស់លោកឧត្តមសេនីយ៍ ត្រីម្នាក់ពីក្រោយ និងរុញទៅបុករ៉ឺម៉កមួយគ្រឿងទៀត រងការខូចខាតហើយអ្នកបើកបរ បានចុះដាក់មេប្រូចបាត់ស្រមោលកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវលេខ ៥៩៨ខាងត្បូងស្នងការនគរបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភឿន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់ផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ ជាកម្មករសិប្បកម្មផលិតសរសៃគុយទាវដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ1CC-5344 ដឹកកុយទាវ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1532 បើកបរ ដោយបុរសម្នាក់បានរត់គេចខ្លួន ចូលកន្លែងក្រុមហ៊ុនក្រឡុកស៊ីម៉ងតិ៍អាស៊ាន ចំណែករថយន្តម៉ាកឡិច ស៊ីស RX៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-0267 បើកបរដោយលោកឧត្តមសេនីយ៍ ត្រី សេង តេងសេរី ភេទប្រុស អាយុ ៤៨ឆ្នាំ មានលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះជិះតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងធ្វើដំណើរស្របគ្នា មកបុកពីក្រោយហើយ កិនម៉ូតូនិងអ្នកបើកបរ គាបជាប់ក្រោយរថយន្ត អូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធ័ម ។
តាមសាក្សីបានឲ្យដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តនោះ ក៏បានជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីរបស់លោកឧត្តមសេនីយ៍ ដែលបើកនៅពីមុខ បណ្តាលឲ្យខ្ទេចគូថ ហើយរុញទៅបុករ៉ឺម៉កមួយគ្រឿងបង្កគ្រោះថ្នាក់អ្នកបើកបរ ក៏បានចុះរត់គេចខ្លួនចូល ក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ងតិ៍អាស៊ាន នៅក្បែរបាត់ហើយសមត្ថកិច្ចទៅតាមរកផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕

មតិយោបល់