ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនកាពីតូល ពន្លះគូទម៉ូតូ របួស៣នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យភាគីម៉ូតូ របួសធ្ងន់ស្រាលចំនួន៣នាក់ កាលពីវេលាម៉ោង២ និង៤៧នាទីរសៀល ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៣៤-១៣៥ ក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ ហេង សុខភា អាយុ១៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ បើកម៉ូតូ ម៉ាកហុងដាសេ១២៥
សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1F-1680(របួសស្រាល) និងអ្នករួមដំណើរ២នាក់
ទី១ឈ្មោះ សាន យិន អាយុ៥៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (​របួសធ្ងន់) និងទី២ឈ្មោះ ហៃ ចរិយា អាយុ១៣ឆ្នាំ ភេទស្រី ជនជាតិខ្មែ (របួសធ្ងន់) ទាំង៣នាក់ស្នាក់នៅភូមិជើតលោង ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ប្រផេះ លាយទឹកដោះគោ របស់ក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខភ្នំពេញ 3D-5353 បានគេចខ្លួនបាត់ស្រមោល។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានធ្វើដំណើរស្របទិស និងម៉ូតូជនរងគ្រោះ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកគូទម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រួចត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកបរិបូរណ៌។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងភាគីទាំងសងខាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់