ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ទឹកក្រូចដប ប៊័រកំប៉ុង ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទ

ក្រចេះ: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី និងផ្សារថ្មីក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ត្រសក់ចាវ ស្កត្នោត ខ្ញីហាន់ ស្ពៃជ្រក់ មីលឿង និងសាច់ក្រក ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ទឹកក្រូចដប ចំនួន ៤ដប ស្មើនឹង ១.៤៨០មីលីលីត្រ
-ប៊័រកំប៉ុង ចំនួន ៥កំប៉ុង ស្មើនឹង ៤០០ក្រាម

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត៕

មតិយោបល់