ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានស្នើសុំអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចខណ្ឌទួលគោកធ្វើយ៉ាងណាលុបបំបាត់ឲ្យបានលើបញ្ហាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ពិសេសនៅតំបន់រោងចក្រឆ្នាំង និងនៅតាមចេតីយ៍ក្នុងវត្តនាគវ័ន ដោយកន្លងមក និងរាល់ថ្ងៃនេះ ពួកគេបានធ្វើសកម្មភាពសេព និងចែកចាយយ៉ាងសកម្មបំផុត ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។
ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅបរិវេណវត្តនាគវ័ន ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ដោយបានអញ្ញើញជាអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោក លី ណារុណ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង២០០នាក់។
ក្រៅពីការស្នើសុំខាងលើហើយ ប្រជាពលរដ្ឋផ្សេងទៀត ក៏បានស្នើសុំឲ្យអាជ្ញាធរ ជួយក្នុងការស្ថាបនាផ្លូវ លូ ពិសេសផ្លូវអមសងខាងផ្លូវរថភ្លើង ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក។ ជាងនេះទៅទៀតការផ្គល់សំបុត្រកំណើតមានភាពយឺតយ៉ាវ ក៏ត្រូវបានប្រជាពលរដ្ឋលើកឡើង ដើម្បីឲ្យអាជ្ញាធរខណ្ឌជួយអន្តរាគមន៍ផងដែរ។
លោក ឯក ឃុនដឿន ក្នុងឱកាសនោះបានប្រសាសន៍លើកឡើងថា ការបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនេះឡើង គឺមានបំណងឲ្យប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណូមពរមកអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីឲ្យយើងបានដឹង និងជួយពួកគាត់ ទៅនិងអ្វីដែលពួកគាត់ចង់បាន។
លោកបន្តថា ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនេះ មានប្រជាពលរដ្ឋលើកឡើងជាសំណួរ សំណូមពរ ផ្ទាល់មាត់ និងជាលាយលក្ខអក្សរចំនួន៦៥សំណួរ និងសំណូមពរ។ ចំពោះរាល់សំណួរ និងសំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទួលគោក នឹងជួយដោះស្រាយជូនពួកគាត់។
លោកបញ្ជាក់ថា ការស្នើសុំ ការសំណូមពររបស់ប្រជាពលរដ្ឋ បើថ្នាក់សង្កាក់ធ្វើបាន គឺឲ្យសង្កាត់ចុះធ្វើភ្លាម ហើយរឿងនោះខាងអាជ្ញាធរខណ្ឌអាចដោះស្រាយបានយើងនឹងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ប៉ុន្តែបើហួសពីសមត្ថភាពរបស់សង្កាត់ និងខណ្ឌ ក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋានមិននៅស្ងៀមទេ គឺត្រូវធ្វើសំណើសុំទៅថ្នាក់រាជធានី និងថ្នាក់លើបន្តទៀត។
ក្រៅពីការលើឡើងទាំងប៉ុន្មានខាងលើហើយនោះ លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋផងដែរថា បើបងប្អូនប្រជាពលរដ្ឋមានបញ្ហាអ្វីខុសពីធម្មតា ចំពោះមន្ត្រីមួយចំនួន ក្នុងការផ្តល់សេវាផ្សេងៗនោះ ប្រជាពលរដ្ឋអាចទូរស័ព្ទប្តឹង ផ្ទាល់មកលោកតែម្តង លោកនឹងអន្តរាគមន៍ជួយដល់បងប្អូនភ្លាមតែម្តង៕
មតិយោបល់