ភ្នំពេញៈ មន្រ្តីរដ្ឋភិបាលដែលមានទំនួលខុសត្រូវផ្នែកច្បាប់ និងអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់កុមារបានបង្ហាញថា កុមារា និងកុមារី ទំនាស់នឹងច្បាប់ (ជនជាប់ចោទ និងជនរងគ្រោះ) ជាអនិតិជន ត្រូវបានទទួលការថែរក្សា ការពារ និងគាំទ្រជាក់លាក់ពីប្រព័ន្ធតុលាការនៅកម្ពុជា។
មន្រ្តីសង្គមស៊ីវិល លោកស្រី ជូ សូយន់ អ្នកសម្របសម្រួលអង្គការ Every Child ដែលបានឧបត្ថម្ភគាំទ្រផ្នែកច្បាប់នៅកម្ពុជា បានបង្ហាញពីការអង្កេតរបស់ខ្លួនតាមរយៈអង្គការដៃគូរថា កុមារកម្ពុជា ពិសេសនៅខេត្តចំនួន៤ នៃភាគអគ្នេយ៍ ប្រទេសកម្ពុជា មានការកើនឡើង នូវការគោរពសិទ្ធិរបស់ពួកគេ គ្រាដែលរដ្ឋាភិបាលមានឆន្ទៈក្នុងការលើកកម្ពស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងសិទ្ធិរស់នៅ សិទ្ធិទទួលបានការអប់រំ ពិសេសផ្តល់ការគាំពារ ថែរក្សាកុមារទំនាស់នឹងច្បាប់។
មន្រ្តីសង្គមស៊ីវិលរូបនេះ បានបង្ហាញយ៉ាងដូចនេះ នៅក្នុងសិក្ខាសាលាមួយស្តីពី «ការបូកសរុបលទ្ធផល នៃការអនុវត្តគម្រោងយុត្តិធម៌ ដើម្បីកុមារ» នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារភ្នំពេញ។
ស្របពេលជាមួយនេះ មន្រ្តីរដ្ឋាភិបាលលោក លោក អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានថ្លែងដែរថា កុមារគ្រប់រូបមានសិទ្ធិ ដើម្បីរីកលូតលាស់ឡើងនៅក្នុងគ្រួសារ ដែលមានសន្តិសុខ សុវត្ថិភាព និងរួចផុតពីភាពក្រីក្រ ការកេញប្រវ័ញ្ច និងប្រតិបត្តិខ្លួនដោយសេរី ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ រដ្ឋាភិបាលមានភារកិច្ចគាំទ្រ ការពារ ដល់ពួកគេតាមផ្លូវច្បាប់ ហើយកន្លងមក បើទោះបីមិនទាន់មានច្បាប់ពិសេសសម្រាប់កុមារ ប៉ុន្តែក៏មានចែងអំពីកុមារក្នុងច្បាប់មួយចំនួន ដូចជា ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌជាដើម។
គួរបញ្ជាក់ថា ក្រោមកិច្ចសហការគ្នាយ៉ាងល្អពីអង្គការជំនួយផ្នែកច្បាប់ អង្គការខេមរា អង្គការ Every Child ដើម្បីស្វែងរកឲ្យឃើញពីចំណុចល្អ និងចំណុចខ្សោយសម្រាប់អនុវត្តបន្ត បន្ទាប់ពីច្បាប់យុត្តិធម៌អនីតិជនចូលជាធរមានក្នុងពេលឆាប់ៗ៕
មតិយោបល់