ព័ត៌មានជាតិ

តុលាការប្តូរ មេធាវី អ៊ិត ពិសិដ្ឋរង្សី ពីគុកព្រៃស ទៅគុក PJ វិញ

ភ្នំពេញៈ នៅមិនទាន់បានមួយសប្តាហ៍ឡើយក្រោយពីតុលាការសម្រេចឃុំខ្លួន នៅគុកព្រៃស កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនោះ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ជនជាប់ចោទជាមេធាវី ឈ្មោះ អ៉ិត ពិសិដ្ឋរង្សី ត្រូវបានលោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យប្តូរពីគុកព្រៃស ទៅឃុំនៅក្នុងគុករាជធានីភ្នំពេញ (PJ) វិញហើយ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។

លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) បានបញ្ជាក់តាមទូរសព្ទនៅថ្ងៃនេះថា ខាងពន្ធនាគារលោក ពិតជាបានទទួលឃុំខ្លួនជនជាប់ចោទឈ្មោះ អ៉ិត ពិសិដ្ឋរង្សី មែនដោយជនជាប់ចោទរូបនេះត្រូវបានបញ្ជូនពីពន្ធនាគារព្រៃស ទៅពន្ធនាគារលោកកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។

ពាក់ព័ន្ធលោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងអមហាផ្ទៃ បានបញ្ជាក់តាមប្រព័ន្ធ Telegram នៅថ្ងៃនេះថា ពិតជាមានការផ្ទេរជនជាប់ចោទឈ្មោះ អ៉ិត ពិសិដ្ឋរង្សី ពីពន្ធនាគារព្រៃស ទៅពន្ធនាគារ PJ មែន។ លោកថ្លែងថា ការផ្ទេរពន្ធនាគារនេះ គឺ
គឺអនុវត្តតាមដីការបស់ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ។

យើងមិនទាន់អាចសុំការបញ្ជាក់ពី លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានទេ រសៀលនេះ អំពីមូលហេតុដែលនាំឲ្យតុលាការ សម្រេចប្តូរជនជាប់ចោទមេធាវី អ៉ិត ពិសិដ្ឋរង្សី ពីគុកព្រៃស ទៅគុកPJ ដោយសារលោកមិនបានឆ្លើយតបនឹងសំនួរដែលយើងផ្ញើជូនលោកក្នុងគ្រុប Telegram។

គួរកត់សម្គាល់ថា រយៈពេលចុងក្រោយនេះពន្ធនាគារព្រៃស បានផ្ទុកជនជាប់ឃុំច្រើន ក្រោយពេលដែលកម្ពុជាចាប់ផ្តើមអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន កាលពីដើមឆ្នាំ២០១៧ ប៉ុន្តែបើទោះជាគុកនេះមានភាពចង្អៀត និងខ្លះកន្លែងដេកសម្រាប់ជនជាប់ឃុំក៏ដោយចុះ ក៏មិនសូវមានជនជាប់ឃុំច្រើនទេដែល អាចទទួលបានសេចក្តីប្រណីមេត្តា ពីតុលាការ ឲ្យប្តូរពីគុកនេះ ទៅគុកPJ ដោយឡែកតែជនជាប់ជាប់ឃុំមានជីវភាពធូធា ឬមានបុណ្យស័ក្តិតែប៉ុណ្ណោះ ដែលងាយទទួលបានសេចក្តីប្រោសប្រណី ដូចជនជាប់ឃុំ អ៉ិត ពិសិដ្ឋរង្សី ជាឧទាហរណ៍ស្រាប់។

សូមបញ្ជាក់ថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួន ជនជាប់ចោទ ឈ្មោះ អ៉ិត ពិសិដ្ឋរង្សី ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ក្រោយពីលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ បានចោទប្រកាន់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍សន្និដ្ឋានបឋមរបស់សមត្ថកិច្ច បានចោទប្រកាន់ឈ្មោះ អ៉ិត ពិសិដ្ឋរង្សី ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប៉ុន្តែត្រូវបានតុលាការលើកចោលនូវបទចោទ ពាក់ព័ន្ធនឹងអាវុធ ដោយរក្សាទុកតែរឿងហិង្សា តែមួយប៉ុណ្ណោះ។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តរបស់ជនត្រូវចោទ ម៉ាក ៤៧០ នោះត្រូវបានតុលាការប្រគល់ឲ្យទៅគ្រួសារយកទៅប្រើប្រាស់វិញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។
តាមអ្វីដែលប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានលើកឡើង គឺជនត្រូវចោទ អ៉ិត ពិសិដ្ឋរង្សី គ្រោងនឹងចូលរោងការនៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខ ខណ:លិខិតអញ្ជើញភ្ញៀវត្រូវបានចែកជូន អស់ប្រមាណជា ៧០ភាគរយទៅហើយ ដូច្នេះជនត្រូវចោទទំនងជាមិនជាប់ឃុំយូរប៉ុន្មាននោះទេ។

យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌ ៧មករា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីបាញ់បោះ សេរីមួយបានកើតឡើង នៅចំណុច ហាងមីទារខ្វៃ មុខពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា ក្បែររបងផ្ទះ របស់លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កឡើងដោយជនសង្ស័យខាងលើ បណ្តាលឲ្យជនងគ្រោះម្នាក់ឈ្មោះ លី តុលា ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវចំមេជើងស្ដាំ។

ក្រោយបាញ់ចំជនរងគ្រោះឈ្មោះ លី តុលា ជនត្រូវចោទបាន គំរាមបាញ់សម្លាប់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ខុន បញ្ចាសិទ្ធិ ដែលព្យាយាមជួយ ជនរងគ្រោះឈ្មោះ លី តុលា។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ ជាមួយរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មួយគ្រឿង និងដកហូតបាន អាវុធខ្លី ម៉ាក GLOCK មួយដើម មានគ្រាប់ចំនួន ១០គ្រាប់ សំបកគ្រាប់ចំនួន ២ និងបង់មួយ។

យោងតាមសមត្ថកិច្ច ជនត្រូវចោទ បានសារភាពថា នៅមុនពេលកើតហេតុខ្លួនបានជិះរថយន្តម៉ាក Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 ចេញពីហូបការគេនៅម្តុំផ្សារដើមគរ ទៅផឹកស៊ីបន្តជាមិត្តភក្តិ នៅហាងមីទាខ្វែ ម្តុំផ្លូវលេខ២១១ កែងផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយពីផឹកស៊ីរួចក៏មានការ បង្អាប់គ្នាលេង រហូតមានរឿងបាញ់នេះតែម្តង។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ អ៉ិត ពិសិដ្ឋរង្សី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេធាវី មានទីនៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអត្តលេខ ៩៩១ បានក្លាយជាមេធាវីពេញសិទ្ធិកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីលោកបានធ្វើសម្បថកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។

បើយោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ ឬគំរាមកំហែងនឹងអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន ទៅ១០លានរៀល៕

https://youtu.be/D1xQsBrQH0o

មតិយោបល់