កណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ បានត្រូវនគរបាលស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានសហកាជាមួយប៉ុស្តិរដ្ឋបាល ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច រោងរបស់ឈ្មោះ ជួប សុវណ្ណារ៉ា ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ជួប សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច និង ឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចខាងលើភ្លាម កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានទៅដល់ចំណុចកើតហេតុ ពេលជាមួយគ្នានោះ ជនសង្ស័យបានឃើញសមត្ថកិច្ចនគរបាល រួចរត់ទៅហែលទឹកទន្លេបាសាក់ រំពេចនោះសមត្ថកិច្ចនគរបាលបានជិះទូកតាមឃាត់ខ្លួនបានមកវិញ រួចបន្តនាំខ្លួនមកឆែកឆេរ រកឃើញវត្ថុតាងដូចរៀបរាប់ខាងលើតែម្តង តែជសង្ស័យរូបនេះអះអាងថា គ្រឿងញៀន និងឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់ ដែលសមត្ថកិច្ចរកឃើញនៅក្នុងរោង មិនមែនជារបស់ខ្លួនទេ ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់