ព័ត៌មានជាតិ

ចូលទិញលីអូ បន្លំលួចលុយបាន២ដង លើកទី៣ជាប់ខ្នោះ!

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានឃាត់ខ្លួនជនសង្ស័យជានារីម្នាក់ បន្ទាប់ពីចូលទិញខោលីអូ ហើយធ្វើសកម្មភាពលួចលុយចំនួន២លើករួចខ្លួន តែអកុសលលើកទី៣ ត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ឈ.ក ហៅខ្មៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរ អ្នកបំរើតាមផ្ទះស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិជាយក្រែក ឃុំភ្នំសំណរ ស្រុកជាយក្រែក ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះ គិន ឡន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះបន្ទប់ជួល ភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
លុយសរុបដែលជនសង្ស័យលួចបានមានចំនួន១៤២៩០០០រៀលនិង៧០ដុល្លារ ស្មើ១៧៤៩០០០រៀល។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលទិញខោលីអូ នៅតូបរបស់គាត់ដែលប្រពន្ធកំពុងលក់ ខណៈមកដល់តូបជនសង្ស័យបានកម្មង់ខោលីអូ ខណៈប្រពន្ធគាត់កំពុងរើរកខោលីអូ ដើម្បីលក់ស្រាប់តែជនសង្ស័យខាងលើធ្វើសកម្មភាពបន្លំលួចលុយដែលជនរងគ្រោះទុកក្នុងកន្ត្រកក្នុងទូកញ្ចក់ ពេលនោះប្រពន្ធគាត់ក្រឡេកភ្នែកឃើញក៏ស្រែកឆោឡោឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានលួចលុយនៅតូបខាងលើចំនួន២លើកមកហើយ ហើយនៅ៣លើកទាំងលើកនេះហើយត្រូវបានម្ចាស់តូបចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានដកហូតលុយចំនួន៤០ម៉ឺនរៀល ពីជនសង្ស័យជារបស់ជនរងគ្រោះប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកនារីជាជនសង្ស័យត្រូវសាកសួរនិងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់