ព័ត៌មានជាតិ

ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត

ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ស្ថានទូតបារាំង នឹងបើកទ្វារទទួល​សាធារណជនឲ្យចូលទស្សនាដោយសេរីជាលើកទី២ នាថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ (ពីម៉ោង៩ព្រឹកដល់ម៉ោង៤ និង៣០នាទីរសៀល) ក្នុងក្របខ័ណ្ឌនៃទិវា​បេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតតាមគំនិតផ្តួចផ្តើមរបស់បារាំង។ នៅក្នុង​ឱកាសពិសេសនេះ សាធារណជនអាចចូលទស្សនាអគារ និងទីកន្លែងនានា ដែលជាធម្មតាមិនត្រូវបានបើកឲ្យសាធារណជនចូលនោះឡើយ។

ដូច្នេះនៅថ្ងៃសៅរ៍នេះ ភ្ញៀវទាំងអស់អាចចូលទស្សនាអគារ រួមទាំងនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត និងឧទ្យានរបស់ស្ថានទូតបារាំង ដែលជាសួនបៃតងធំជាងគេនៅ​រាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដីទំហំ៤,៥ហិចតា។ ក្រៅពីដើមឈើធំៗ នៅក្នុងឧទ្យាននេះក៏មានរក្សាទុកនូវផ្ទាំងថ្មមួយចំនួនយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ និងអតីតក្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវបានអ្នកនិពន្ធបារាំង François BIZOT ចងក្រងជាប្រវត្តិនៅក្នុងប្រលោមលោកល្បីមួយឈ្មោះថា «ក្លោងទ្វារ ឬ Le Portail » ។

ក្នុងពេលទស្សនា ភ្នាក់ងាររបស់ស្ថានទូតក៏នឹងរៀបរាប់ជូនសាធារណជនផងដែរអំពីគម្រោង «ស្ថានទូតបៃតង» ដែលត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងការបរទេសបារាំង ហើយអនុវត្តនៅស្ថានទូតបារាំងប្រចាំកម្ពុជាចាប់តាំងពីឆ្នាំ២០១១ មក។ គម្រោងសកលនេះមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសន្សំសំចៃថាមពល តាមរយ:វិធានការនានាដូចជាការលើកស្ទួយការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការផ្សព្វផ្សាយឲ្យបុគ្គលិក យល់ដឹងពីសារសំខាន់នៃការរួមចំណែកការពារបរិស្ថាន​ក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

ដោយបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនដំណាក់កាលពិសេសចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩១ ស្ថានទូតបារាំងប្រចាំកម្ពុជាបានតាំងនៅកន្លែងដដែលនេះអស់រយ:ពេលជាង៦០​ឆ្នាំមកហើយ ហើយក៏ជានិមិត្តរូបនៃនិរន្តរភាពនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ស្ថានទូតត្រូវបានជួសជុលទាំងស្រុងឡើងវិញពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥ដោយ​ក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អអគារចាស់ៗទៅជាបណ្តុំអគារថ្មីមួយមានលក្ខណ: ស្អាតសមសួនជាមួយទេសភាពគួរឲ្យចង់គយគន់។

បន្ទាប់ពីជោគជ័យនៃការរៀបចំទិវាបេតិកភណ្ឌជាលើកទីមួយនៅស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីឆ្នាំ២០១៥ នៅក្នុងឆ្នាំនេះ អគារដែលមានតម្លៃបេតិកភណ្ឌមួយចំនួន​ផ្សេងទៀត​ក៏នឹង​បើកទ្វារ​ជូនសាធារណ​ជនចូលទស្សនាដោយសេរី ផងដែរ ក្នុងនោះមាននិវេសនដ្ឋានរបស់លោកឯកអគ្គរាជទូតអង់គ្លេស ការិយាល័យអង្គការយូណេស្កូ អគារដែលប្រមូលផ្តុំនូវ​ទីភ្នាក់​ងារអភិវឌ្ឍន៍បារាំង ក្រុមហ៊ុន Asia Insurance និងភោជនីយដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទ​វិចិត្រ​សិល្ប: និងអភិរក្សអង្គរនៅសៀមរាប។ បែបបទនិងម៉ោងពេលទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ ដែលលោកអ្នកអាចចូលមើលបានផងដែរតាមរយ:ទំព័រហ្វេស​ប៊ុករបស់ស្ថានទូតបារាំង(www.facebook.com/france.cambodge)៕

ស្ថានទូតបារាំង

ស្ថានទូតបារាំង

ស្ថានទូតបារាំង

ស្ថានទូតបារាំង

មតិយោបល់