បាត់ដំបង: ជនសង្ស័យជាម្ដាយនិងកូន ត្រូវមន្ត្រីនគរបាលបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីម្តាយនឹងកូនប្រុសបាន បង្ខំនារីវ័យក្មេងម្នាក់ ដែលត្រូវជាសង្សាកូនប្រុសខ្លួន ឱ្យទៅរំលូតកូនចោលដោយមិនទទួលខុសត្រូវ ហើយថែមទាំងបានគំរាមកំហែង ដល់អាយុជីវិតនាងទៀងផង។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យពីរម្ដាយនិងកូនប្រុសនោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ស្ត្រីជាម្តាយឈ្មោះ ហ៊ាម សារឿន អាយុ៤០ឆ្នាំ និងកូនប្រុសឈ្មោះ ឥន ចាន់ណា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបវេល។ ចំណែកនារីរងគ្រោះឈ្មោះ ឡ គ ល អាយុ១៧ឆ្នាំ (ជាសង្សារ របស់យុវជន ឥន ចាន់ណា )។
មន្ត្រីនគរបាលស្រុកបវេល បានបន្ថែមទៀតថា ជនសង្ស័យ ទាំង២នាក់ម្តាយនិងកូនប្រុសនេះ បានបង្ខំឱ្យនារីរងគ្រោះរំលូតកូនចោលនៅក្នុងគ្លីនិកឯកជនមួយកន្លែង ក្នុងភូមិខាងលើ កាលពីថ្ងៃទី២១កក្កដាកន្លងទៅនេះ ដើម្បីគេចពីការទទួលខុសត្រូវ ដែលយុវជន ឥន ចាន់ណា ធ្វើឱ្យនាង ឡ គ ល ដែលជាសង្សារមានផ្ទៃពោះ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ស្ត្រីសង្ស័យឈ្មោះហ៊ាម សារឿន រូបនេះ បានគំរាមនារីរងគ្រោះថា “បើមិនរំលូតកូនចោលទេ គ្រូមិនអនុញ្ញាតឱ្យកូនប្រុសគាត់ចូលរៀនថ្នាក់ទី១២នៅឆ្នាំក្រោយទេ” ថែមទាំងហាមមិនឱ្យនាងនិយាយរឿងនេះទៀតផង។
មន្ត្រីដដែលបានបន្តថា ដោយទ្រាំនឹងការគម្រាមកំហែង នឹងដោយនាងមានការខ្លាចផងនោះ ដូច្នេះហើយ ទើបនាងសុខចិត្តទៅ រំលូតកូនទាំងការឈឺចាប់ ប៉ុន្តែរឿងនេះត្រូវបែកការណ៍ដឹងដល់អាណាព្យាបាលរបស់នាង ហើយអាណាព្យាបាលនាងក៏បានមកប្ដឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់តែម្ដង។
មន្ត្រីនគរបាលបានបញ្ជាក់បន្ថែមថា ម្ដាយនិងកូនប្រុសនោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតគ្នាក្នុងការប្រព្រឹត្តដោយចេតនា បង្ខំឱ្យនារីរងគ្រោះរំលូតកូន ដើម្បីគេចវេសពីការទទួលខុសត្រូវ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្ដាយ និងកូនទៅតុលាការចាត់ការតាមនិតិវិធី៕
មតិយោបល់