ភ្នំពេញៈ ម្សិលមិញនេះ រូបអាក្រាតរបស់ វ៉ាន់ នីឡា ត្រូវបានចែកចាយពេញទំហឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតាមបណ្តាលគេហទំព័រមួយចំនួន ប៉ុន្តែ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជាថា ការចែករំលែក និងផ្សព្វផ្សាយរូបភាពអាក្រាតនាង គឺដូចជាជាន់ពន្លិចនាង ហើយសូមឲ្យអ្នកប្រព្រឹត្តិនូវអំពើអសីលធម៌នេះ បញ្ឈប់ទៅ។
ទន្ទឹមជាមួយនឹងការចែកចាយរូបអាក្រាតតារាចម្រៀង វ៉ាន់ នីឡា ផលិតកម្មភ្លេងរីខដស៍ នៅម្សិលមិញ កវីនិពន្ធ សុខ ជំនោរ ត្រូវជាបងប្រុសនាង បានសរសេរនៅលើហ្វេសប៊ុកថា សូមប្រកាសរកម្ចាស់ រឺ Admin Page TV24HD-Hot news ។
ក្រោយប្រកាស ផេកហ្វេសប៊ុកមួយនេះ ត្រូវបាន Removed ចោល ដើម្បីបំបាត់ភស្តុតាង គេចចេញពីសំណាញ់ច្បាប់។
កវីនិពន្ធ សុខ ជំនោរ បានប្រាប់ដល់ព័ត៌មានក្នុងស្រុកមួយថា «រកតម្រុយ និងភស្តុតាងចាត់ការបានហើយ» ក្រោយពីអ្នកគាំទ្រ បានផ្ញើភស្តុតាងពីគណនីដែលផុសរូបទាំងនោះ។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជា បានប្រាប់ដល់ Post News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឲ្យដឹងថា «ប្អូនស្រីគេ ប្អូនស្រីយើង បងស្រីគេ បងស្រីយើង សូមឲ្យអ្នកកំពុងតែ ប្រព្រឹត្តិនូវអំពើ ដែលខុសសីលធម៌នេះ ប្រាស់នូវសេចក្តីថ្លៃថ្នូរ និងសីលធម៌ ឲ្យគាត់ពិចារណាឡើងវិញ សូមបញ្ឈប់នូវការ Share ជាបន្ទាន់ទៅ» ។
ប្រធានសមាគមសិល្បករកម្ពុជាខាងលើបានបន្តថា «ស្ត្រីភេទ ងាយនឹងរងគ្រោះ ហើយយើងព្យាយាមនៅបន្តធ្វើដូចចឹងទៀត ប្រៀបដូចជាយើងជាន់ពន្លិចគ្នាខ្លាំងថែមទៀត កាន់តែធ្វើឲ្យនាងកាន់តែបាក់ទឹកចិត្តខ្លាំង ខូចអារម្មណ៍ ខូចទឹកចិត្ត ដូច្នេះសូមពិចារណាឡើងវិញ នូវអំពើ Share រូបអាសអាភាសតារាចម្រៀងខាងលើ» ។
លោក សុះ ម៉ាច ក៏បានអំពាវនាវឲ្យ សិល្បករ សិល្បការិនី និងប្រិយមិត្តក្រៅរង្វង់សិល្បៈក្នុងការប្រើប្រាស់ហ្វេសប៊ុក សូមកុំទុកចិត្តឲ្យសោះ នរណាក៏ដោយ ទោះបីសង្សារ ប្តីប្រពន្ធក៏ដោយ ព្រោះថារឿងនេះវាមិនទៀង ដូចជារឿងបែកធ្លាយចឹងទៅ វាប៉ះពាល់ដល់កិត្តិយសរង្វង់គ្រួសារ និងសាមីខ្លួនតែម្តង ហើយសូមឲ្យប្រុងប្រយ័ត្នកុំធ្វើឲ្យហួសសីលធម៌ ប្រពៃណីខ្មែរយើង៕
មតិយោបល់