ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនក្រុមក្មេងស្ទាវ៦នាក់ ទៅតុលាការ ក្រោយកាប់ប្រហារគ្នា ស្លាប់ និងរបួសធ្ងន់ ២ នាក់ នៅសង្កាត់ឃ្មួញ

ភ្នំពេញៈ នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ក្នុងរឿងទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ក៏ផ្ទុះហិង្សាកាប់ប្រហារគ្នា បណ្តាលឲ្យភាគីម្ខាងស្លាប់ ក្រោយពេលញ្ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ និងម្នាក់ទៀតរបួសធ្ងន់ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។

ការបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៧​នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន និងធ្វើការសាកសួតាមនិតិវិធីរួចមក។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបញ្ជូនទៅតុលាការនៅព្រឹកនេះ គឺមាន២ក្រុម
ដោយក្រុមខាងបង្កមានគ្នា ៣នាក់ ទី ១.ឈ្មោះ ថន ដាណាក់ ហៅខ្មៅ អាយុ១៧ ឆ្នាំ នៅភូមិសនសុខ៥ ទី២.ឈ្មោះ ឡេង សុភ័ណ្ឌ ហៅក្រូច អាយុ៣២ឆ្នាំ នៅភូមិសែនសុខ៤ និង៣. ឈ្មោះ ខេង ចន្ថា ហៅណៃ អាយុ៣៧ឆ្នាំ នៅភូមិសែនសុខ៥ ចំណែកក្រុមខាងរងគ្រោះមាន៣នាក់ ទី១.ឈ្មោះ ប្រាក់ សុជាតិ អាយុ១៦ឆ្នាំ នៅភូមិសែនសុខ៤ ទី២.ឈ្មោះ នង ដារ៉ា ហៅប៉ាវ អាយុ១៧ឆ្នាំ នៅភូមិសែនសុខ៦ និងទី៣.ឈ្មោះ ស៊ឹម ហើយ អាយុ២៣ឆ្នាំ នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។

គួរំឭកផងដែរថា កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីក្មេងស្ទាវ២ក្រុម បានកាប់ប្រហារគ្នា បណ្តាលឲ្យភាគីម្ខាងម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយទាស់ពាក្យសម្ដីគ្នា ក្នុងវង់ផឹកស៊ី។

ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ដោយដកហូតបាន ដាវ ដែកទីប និងដំបងឈើ ដែលជាវត្ថុតាងក្នុងការកាប់ប្រហារគ្នានោះ៕

មតិយោបល់