ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សឃាត់ខ្លួនស្រ្តីជាម៉ែយ៉ែមម្នាក់

ភ្នំពេញៈ ស្រី្តវ័យចំណាស់ម្នាក់ ដែលទាក់ទង់ភូតភក្មេងស្រីៗចំនួន២នាក់ថា ទៅធ្វើការនៅប្រទេសចិន ប៉ុនប៉ងយកទៅលក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនកាលពីវេលាម៉ោង០១និង៣០នាទីរសៀលនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦អា ខាងកើតវង្វង់មូលជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមចម្លើយរបស់ស្រ្តីសង្ស័យឈ្មោះ អ៊ុច សេងហុង អាយុ៤៥ឆ្នាំ បានឲ្យដឹងថា រូបគាត់ពិតជាមានគោលបំណងប៉ុនប៉ងយកក្មេងស្រី២នាក់ទៅលក់នៅប្រទេសចិន បានធ្វើលិខិតឆ្លងដែនរួចរាល់អស់ហើយ ដោយធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប្រទេសវៀតណាម និងបន្តដំណើរតាមយន្តហោះពីប្រទេសវៀតណាមទៅប្រទេសចិននៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ។

ស្រ្តីសង្ស័យខាងលើបានឲ្យដឹងថា នារីរងគ្រោះទី១ឈ្មោះ ខន ជឿន អាយុ២៦ឆ្នាំ និងទី២ឈ្មោះ ផាត រាំភឿង អាយុ១៩ឆ្នាំ។

មន្រ្តីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងផងដែរថា ពាក់ព័ន្ធ និងករណីនេះ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវយូរមកហើយ រហូតមករសៀលថ្ងៃនេះ ទើបកម្លាំងនគរបាលនៃការិយាល័យ ចុះតាម និងឃាត់ខ្លួនស្រ្តីចំណាស់ខាងលើ ដែលជាមេខ្យល់ និងក្មេងៗស្រីរងគ្រោះ២នាក់ យកមកសួរនាំនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនតែម្ដង។ ចំណែកនារីរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យបញ្ជូនខ្លួនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ។

បច្ចុប្បន្នស្រ្តីសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-06-10_16-29-17photo_2016-06-10_16-29-20photo_2016-06-10_16-29-22

មតិយោបល់