ព័ត៌មានជាតិ

អនុរដ្ឋលេខាធិការបរទេសអាមេរិកៈ ស្ថានភាពព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅល្អប្រសើរ និងស្នើបន្តការការពារ

ភ្នំពេញៈ អនុរដ្ឋលេខាធិការបរទេសសហរដ្ឋអាមេរិក លោកស្រី Catherine A. Novelli បានកត់សម្គាល់ថា ស្ថានភាពព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់មានភាពល្អប្រសើរ និងស្នើឲ្យមានកិច្ចបន្តការគាំពារ និងអភិរក្សបន្ថែម។

ការសង្កេតនេះធ្វើឡើងនៅក្នុងដំណើរចុះពិនិត្យមើលស្ថានភាពព្រៃឈើព្រៃឡង់ក្នុងដែនជម្រកសត្វព្រៃ និងជួបសំណេះសំណាលជាមួយប្រជាសហគមដងផ្លិត ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ និងមន្ត្រីឧទ្យានុរក្សនៅក្នុងដែនជម្រកសត្វព្រៃ ដោយមានការរួមដំណើរពីមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តាមតាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី៩ ខែមិថុនានេះ។

លោក សៅ សុភាព ទីប្រឹក្សាក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តី បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦នេះថា នៅក្នុងដំណើរពិនិត្យពីស្ថានភាពព្រៃឡង់នោះ លោកស្រី Catherine A. Novelli អនុរដ្ឋលេខាធិការបរទេសសហរដ្ឋអាមេរិក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបានដាក់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ និងជាតំបន់ការពារធម្មជាតិ ដ៏មហាសាលរបស់កម្ពុជា។

លោកស្រីសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការដាក់បញ្ចូលព្រៃឡង់និងឧស្យានទាំងនោះជាតំបន់ការពារ។ ការរក្សាធនធាននេះពិតជាមានបញ្ហាប្រឈម និងភាពលំបាកជាខ្លាំង ព្រោះថា នៅជុំវិញតំបន់ទាំងនោះមានសកម្មភាពអភិវឌ្ឍន៍ និងសកម្មភាពកាប់រុករានទន្រ្ទានដីព្រៃ ដើម្បីដំណាំកសិកម្ម កសិឧស្សាហកម្ម និងមានភូមិដ្ឋាន ប្រជាជននៅជិត វាជាបញ្ហាប្រឈមមួយក្នុងការការពារ និងអភិរក្សធនធានទាំងនោះឲ្យនៅប្រល្អប្រសើរបែបនេះ។

លោកក៏បានកោតសរសើរដល់អង្គការ USAID Winrock International និងWCSដែលបានផ្តល់ការគាំទ្រដល់រដ្ឋបាលព្រៃឈើនាពេលកន្លងមក និងមន្ទីរបរិស្ថាននាពេលបច្ចុប្បន្ន សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានោះលោកបានស្នើឲ្យប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សទាំងអស់បន្តការខិតខំប្រឹងប្រែងការថែរក្សាការពារមរតកធម្មជាតិទាំងនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិនិងពិភពលោក។

ទាក់ទិននឹងការអភិរក្ស និងការកាត់បញ្ចូលតំបន់ការពារនេះ រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ លើកកញ្ចប់ថវិកាជំនួយរបស់សហរដ្ឋអាមេរិកលើក វិស័យកសិកម្ម និងបរិស្ថាន ក្រោមគម្រោងប្រមាណជាង២៦លានដុល្លារ សម្រាប់រយៈ៣ឆ្នាំខាងមុខនេះ៕

មតិយោបល់