ព័ត៌មានជាតិ

អភិបាលខេត្តជំរុញឲ្យមន្ត្រីនគរបាលពន្លត់អគ្គិភ័យ យកចិត្តទុកដាក់បម្រើពលរដ្ឋប្រកបដោយសីលធម៌ និងសមធម៌ល្អ

កំពង់ឆ្នាំង: អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីនគរបាលពន្លត់អគ្គិភ័យនៅក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ឲ្យយកចិត្តទុកដាក់បម្រើ និងជួយប្រជាពលរដ្ឋដោយចិត្តស្មោះត្រង់ មិនត្រូវទាមទារផលប្រយោជន៍ក្នុងពេលប្រតិបត្តិការជួយប្រជាពលរដ្ឋ។ រថយន្តទឹកថ្មីចំនួន៤គ្រឿង ត្រូវបានចែកជូនទៅតាមអធិការដ្ឋាននគរបាលស្រុកចំនួន៤ ដើម្បីបង្ការ ពន្លត់អគ្គិភ័យ ដែលកើតមានជាយថាហេតុ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានបន្តថា កន្លងមក នៅតាមបណ្តារស្រុកទាំង៤ ពេលមានអគ្គិភ័យម្តងៗ រថយន្តពន្លត់អគ្គិភ័យ ត្រូវចេញទៅជួយពន្លត់មានចម្ងាយផ្លូវឆ្ងាយ និងប្រើពេលយូរ តែពេលនេះ ក្រសួងមហាផ្ទៃ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង តាមរយ:ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីជួយដល់ប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរនោះឡើយ។

ក្រោយពេលប្រគល់សោររថយន្តជានិមិត្តរូបរួច លោកអភិបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យនៅតាមអធិការដ្ឋាននគរបាល ដែលត្រូវទទួលរថយន្តទឹកនេះថា ត្រូវចេះថែទាំ មានវេនប្រចាំការជាប់ជានិច្ច កុំឲ្យនៅពេលត្រូវការរថយន្ត រកអ្នកបើកមិនឃើញ ឬពេលត្រូវការរថយន្តទឹកជួយប្រជាពលរដ្ឋ ស្រាប់តែរថយន្តកំពុងដឹកទឹកលក់ជាដើម។ ម្យ៉ាងវិញទៀត ប្រសិនបើមានបញ្ហានៅស្រុកណាមួយ ហើយត្រូវការជំនួយបន្ថែម គឺត្រូវសហការជួយគ្នាទៅវិញទៅមក ដើម្បីជួយទប់ស្កាត់ឲ្យបានទាន់ពេលវេលានៅពេលមានគ្រោះអគ្គិភ័យ។

លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង គឺជាអំណោយរបស់ក្រសួងមហាផ្ទៃ ដល់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បន្ទាប់ពីទទួលបានរថយន្តពីក្រសួងមហាផ្ទៃរួចមក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យមន្ត្រីនគរបាលទទួលបន្ទុកការងារពន្លត់អគ្គិភ័យក្នុង១ស្រុក ចំនួន៤នាក់ និងមន្ត្រីជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ធ្វើការបើកវគ្គហ្វឹកហ្វឺនជូនដល់មន្ត្រីអធិការដ្ឋាននគរបាលស្រុកទាំង៤ រយ:ពេល៣ថ្ងៃ អំពីរបៀបត្រៀមលក្ខណ:ជាមុននូវឧបករណ៍ សម្ភារ:គ្រឿងបំពាក់ក្នុងរថយន្ត និងការយល់ដឹងពីគ្រោះថ្នាក់ ដោយការប្រើអុស ធ្យូង ការប្រើចរន្តអគ្គិសនី បានហ្វឹកហាត់ឲ្យចេះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការចូលរួម បង្ការអគ្គិភ័យ ការបើកបរជាក់ស្តែង ពេលចេញអន្តរាគមន៍ជាក់ស្តែង ក៏ដូចជាការតទុយយោបាញ់ទឹក ការថែទាំរថយន្ត និងសម្ភារ: ឧបករណ៍បំពាក់ជាដើម៕

មតិយោបល់