ព័ត៌មានជាតិ

ចាប់បានបក្ខពួកមេខ្លោង ប្លន់ប្រដាប់អាវុធ នៅស្រុកអង្គស្នួល!

កណ្តាលៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបក្ខពួកមេខ្លោង ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លី) កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ផ្លូវលំ ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០A មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនល្មើស៣នាក់(ប្រុស) ឃាត់ខ្លួន២នាក់ ទី១-ឈ្មោះ ងួន មេត្តា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជាមេខ្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំ ញៀនរយៈពេល៣ឆ្នាំ (ឃាត់ខ្លួនថ្ងៃទី២៨.១២.២០១៧)។ ទី២-ឈ្មោះហេង លីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួនថ្ងៃទី២៩.១២.២០១៧)។ និងទី៣-ឈ្មោះ គុង ហៅពៅ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ អាវុធខ្លី១ដើម ម៉ាកK៥៩ ក្រូមេ ពណ៌ស លេខ(០៧៥៧,បង់ចំនួន១និងគ្រាប់ចំនួន៨),ម៉ូតូ១គ្រឿង ម៉ាកEXCITER ស៊េរីឆ្នាំ២០១៥ ពណ៌ស លាយក្រហម គ្មានស្លាកលេខ (របស់ជនរងគ្រោះ) និងទូរសព្ទដៃ១គ្រឿង ម៉ាកណូគា។

នៅមុនពេលកើតហេតុកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភក្តិនៅភូមិកើតហេតុ ពេលទៅជិតដល់ស្រាប់តែជនល្មើសជិះម៉ូតូមួយគ្រឿងម៉ាកសង់២០១៥ ពណ៌ខ្មៅ មានគ្នា៣នាក់ ឈ្មោះ ងួន មេត្តា ជាអ្នកឌុបតាមមកពីក្រោយពាក់ទឹមបញ្ជាឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះមិន ឈប់ទើបជនល្មើសបង្កើនល្បឿនទៅឈប់កាក់ពីមុខ ហើយឈ្មោះ ងួន មេត្តា បានចុះពីលើម៉ូតូដក អាវុធខ្លីភ្ជង់គំរាមយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងជើង។ ភ្លាមនោះជនរងគ្រោះបាន រត់មករាយការណ៍ជូនកម្លាំងសមត្ថកិច្ចកំពុងល្បាតក្បែរនោះ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្ដិ៍ ធ្វើការដេញតាមពួនស្ទាក់ឃាត់ខ្លួនជនល្មើសឈ្មោះ ងួន មេត្តា បាននៅសង្កាត់ឪឡោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកបក្ខពួកពីរនាក់ទៀតបានជិះម៉ូតូបែកផ្លូវគ្នាគេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី២៩.១២.២០១៧ វេលាម៉ោង៧ និង៣៧នាទី នៅចំណុចផ្ទះសំណាក់ថ្មត្រជាក់ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ,ក្រុងច្បារមន និងការិយាល័យកំរិតធ្ងន់ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតឈ្មោះ ហេង លីម៉េង ។

តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ងួន មេត្តា បានឆ្លើយថាខ្លួនជាម្ចាស់អាវុធខ្លី និងជា មេខ្លោងក្នុងករណីលួចមានស្ថានទម្ងន់(ប្រើអាវុធខ្លី) ហើយបានប្រើប្រាស់ថ្នាំញៀនរយៈពេល៣ឆ្នាំមកហើយ។ មុនពេលធ្វើសកម្មភាពក្រុមខ្លួនបានមកផឹកស៊ីនៅកន្លែងលក់សាច់ក្រកកំបូល ផឹកស្រាបៀរកម្ពុជាអស់១កញ្ច្រែង ទើបចេញធ្វើសកម្មភាពតែម្តង។

បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីច្បាប់៕
https://youtu.be/LYXasTDjsZ8

មតិយោបល់