ព័ត៌មានជាតិ

កម្មវិធីសប្យុរសធម៌របស់​វិទ្យាស្ថានCamEd ក្នុងថ្ងៃណូអែល

ដោយមើលឃើញពីសេចក្តីត្រូវការក្នុងការបន្តការសិក្សារបស់ប្អូនសិស្សានុសិស្ស និងដើម្បីចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យគ្រីសមើស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក ខេស៊ី បាណែត (Casey Barnett) នាយកវិទ្យាស្ថាន CamEd ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់វិទ្យាស្ថាននេះ បាននាំយកនូវកង់ចំនួន ២០០ គ្រឿងដើម្បីចែកជូនប្អូនៗសិស្សានុសិស្សក្រីក្រ ដែលមកពីសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា នៃឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក ខេស៊ី បាណេត បានសម្តែងនូវក្តីរីករាយជាមួយនឹងប្អូនៗសិស្សានុសិស្ស ហើយលោក ក៏បានសម្ដែងនូវការពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយស្តែងតាមរយៈភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ អត្រានៃការចូលរៀនរបស់កុមមារច្រើន និងការកើនឡើងនៃធនធានមនុស្សដ៏ឆាប់រហ័ស។

នាក្នុងឱកាសនោះ លោក ប៊ូ ថារិន លេខាធិការរងនៃក្រុមប្រឹក្សាគណនេយ្យ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ លោក ខេស៊ី បាណេត និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកវិទ្យាស្ថាន CamEd ដែលតែងតែវាយតម្លៃយ៉ាងត្រឹមត្រូវមកលើរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់នូវអំណោយជាប្រចាំជួយដល់វិស័យអប់រំ វិស័យកីឡា និងវិស័យផ្សេងទៀត មកដល់ប្រជាពលរដ្ឋឃុំចំការអណ្តូង ក៏ដូចជា នៅទីកន្លែងផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ខេស៊ី បាណេត ក៏បានថ្លែងនូវមតិផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្ស ឲ្យប្អូនៗប្រឹងប្រែងរៀនសូត្រ និងរៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងក្លាយជាធនធានមនុស្សដ៏ល្អប្រពៃសម្រាប់ព្រះរាជាណាចក្រកម្ពុជាជាយើង និងបានផ្តាំផ្ញើឲ្យប្អូនជៀសឲ្យផុតពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗទៀត ដែលសង្គមស្អប់ខ្ពើម៕

មតិយោបល់