ព័ត៌មានជាតិ

លួចម៉ូតូគេបានសម្រេច ម្ចាស់គេតាមទាន់ជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ១គ្រឿងបានសម្រេច តែត្រូវជនរងគ្រោះរួមនឹងសមត្ថកិច្ចនគរបាលខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អន ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាមេរ៉ា ស្នាក់នៅផ្ទះជួល ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ លី រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DD-8445 ដោយចាក់សោរកត្រឹមត្រូវ រួចចូលទៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យដើរមកធ្វើសកម្មភាព យកកូនសោនឹងដង្កាប់ កាច់បំបាក់កម៉ូតូ រួចជិះគេចខ្លួន ពេលនោះជនរងគ្រោះចេញមកមើលបាត់ម៉ូតូ ក៏ទាក់ទងបងប្អូននាំគ្នារកឃើញ ជនសង្ស័យជិះម៉ូតូនៅក្រោមស្ពានព្រះមុន្នីវង្សចាស់ ក៏ស្រែករួចដេញតាមមកដល់ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏មានសមត្ថកិច្ចយើងជួយអន្ត រាគមន៍ឃាត់ខ្លួនបានជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕

មតិយោបល់