ព័ត៌មានជាតិ

ឆក់ទូរសព្ទបានសម្រេចតែរត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារី២នាក់បានសម្រេច ហើយព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋស្ទាក់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងមុខមន្ទីរពេទ្យអន្តរជាតិសែនសុខ បណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡុយ សូដានី ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្ស ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទី១មានឈ្មោះ ភួង ខ្ចៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី២មានឈ្មោះ ឆៀង ដេវីត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7893 បើកបរដោយនារីម្នាក់ដែលត្រូវជាមិត្តភ័ក្រ និងនារីរងគ្រោះដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុនារីរងគ្រោះ បានដកទូរសព្ទ IPONE6 PLUS មួយគ្រឿងចេញពីក្នុងហោប៉ាវអាវឲ្យទៅមិត្តភ័ក្រ ដែលជាអ្នកឌុបទុកព្រោះខ្លាចជ្រុះបាត់ ខណះនោះស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-0115 ជិះមកពីក្រោយរួចក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីនារីរងគ្រោះបានសម្រេច។

បន្ទាប់ពីឆក់ទូរសព្ទហើយជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួនតែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយនិងស្រែកថា ចោរៗរហូតដល់ចំណុចខាងមុខហាងលក់ស្បែកជើងយីហោ BIESSING SHOES តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីតែម្តង។

បច្ចុប្បន្ន ជនសង្សយ័រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់