ព័ត៌មានជាតិ

យី!.. ទះនាង៥កំផ្លៀង រួចយកកូនទៅបាត់!..

ភ្នំពេញៈ ស្ត្រីម្នាក់បានស្រែកទ្រហ៊ោយំនៅលើសួនសូគីមិច បន្ទាប់ពីត្រូវបុរសជាប្តីទះ៥កំផ្លៀង ព្រោះរឿងប្រច័ណ្ឌ និងដណ្តើមកូនទី២ បណ្តាលឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចសួនសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះហៅក្រៅថា មាស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងខណ្ឌឬស្សីកែវ និងប្រពន្ធមានអាយុ២៤ឆ្នាំ មុខរបរបម្រើសេវាផ្លូវភេទ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។

ប្រភពពត៌មានពីស្ត្រីជាប្រពន្ធឲ្យដឹងថា រូបនាងនិងប្តីស្រឡាញ់និងរស់នៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំ និងមានកូនប្រុស២នាក់ដោយមិនបានរៀបការនោះទេ ហើយតាំងពីរូនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធមកប្តីរបស់ នាងមិនដែលជួយរកសុីអ្វីនោះទេ គឺដើរតែលេងជក់តែថ្នាំជាមួយមិត្តភក្តិ ចំណែកនាងបានទៅរកប្រាក់ដោយរកសុីផ្លូវភេទនៅពេលយប់នៅសួនក្បែរភោជនីយដ្ឋានទន្លេសាប ក្នុងខណ្ឌដូនពេញ។ ខណៈពេលមកដល់ផ្ទះម្តងៗបុរសជាប្តីតែងតែសួររកលុយ ពេលមានលុយលោកប្តីក៏យកលុយនោះទៅជក់ថ្នាំជាមួយមិត្តភក្តិគេអស់ ពេលដែលនាងគ្មានប្រាក់ឲ្យទេ ប្តីតែងតែរករឿងប្រច័ណ្ឌ និងវាយនាងជាញឹកញាប់។

ស្ត្រីជាប្រពន្ធបន្ត ថាលុះនៅវេលាកើតហេតុខាងលើដោយសារនាងទ្រាំនិងទង្វើប្តីលែងបាន រូបនាងបានដឹកដៃកូនចេញពីផ្ទះជួលឡើងជិះម៉ូតូឌុបទាំង៣នាក់ប្តីនិងកូន មកឈ្លោះប្រកែកគ្នាលើសួនសូគីមិច ដោយសុំចែកផ្លូវគ្នារាងៗខ្លួន រួចបុរសជាប្តីសុំកូនទី២យកទៅចិញ្ចឹម។ ចំណែកកូនប្រច្បងដែលរស់នៅជាមួយម្តាយនាងឲ្យមកនាងជាប្រពន្ធយកចិញ្ចឹម។ តែស្ត្រីជាប្រពន្ធមិនយល់ព្រមឲ្យកូនទី២នោះទៅប្តីទេ ពេលនោះធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំងឆក់កូនពីប្រពន្ធយកមកពរួចទះនាងចំនួន៥កំផ្លៀងហើយយកកូនឡើងជិះរថយន្តឈ្នួលចេញទៅបាត់។

ក្រោយពីប្តីជិះរថយន្តចេញទៅបាត់ស្ត្រីខាងលើក៏វិលត្រឡប់ទៅបន្ទប់ជួលវិញដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕

មតិយោបល់