ព័ត៌មានជាតិ

លាន់សូរតែប្រាវ របួសធ្ងន់ស្រាល៣នាក់!..

ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០១១ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញបុរស៣នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-6333 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ជាប្រភេទរថយន្តកូរ៉េមួយតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 2A-3532 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនមកពីក្រោយដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ទៅបុកគូទម៉ូតូខាងលើចំពីក្រោយពេញទំហឹងបណ្តាលឲ្យ ម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់ដែលអង្គុយពីក្រោយរងរបួសធ្ងន់ធ្ងរ និងបុរស២នាក់ទៀតរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ចុះមកដើម្បីធ្វើការដោះស្រាយគ្នានោះទេគឺព្យាយាមបើករត់គេខ្លួនទៅមុខទៀតតែក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានជិះល្បាតឃើញហើយក៏ជិះដេញតាមពីក្រោយរថយន្តបង្ករហូតដល់ចំណុចខាងលិចស្តុបព្រលានយន្តហោះចម្ងាយប្រមាណ២០០ម៉ែត្រ ទើបអាចធ្វើការស្ទាក់ចាប់បាន។

ក្រោយពេលកើតហេតុបុរសដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

មតិយោបល់