ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្តបើកបរបំពានបុករះម៉ូតូ២គ្រឿងនិងរម៉ក១គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរបួស៤នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១១ ស្ថិតនៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ភ្លៅ៥ ស្លាកលេខភ្នំពេញ3D.7339 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បើកបរពីត្បូងទៅជើង បានបំពានគន្លងទៅបុកម៉ូតូ៣គ្រឿង(ម៉ូតូសេ១២៥ ពីរគ្រឿងនិងម៉ូតូរម៉ក១គ្រឿង)ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CF.8916 បើកដោយឈ្មោះ ឆេង វឌ្ឍនៈ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល រួមដំណើរម្នាក់ឈ្មោះ ឈិត ដយ ភេទប្រុស អាយុ៧៨ឆ្នាំ ភូមិពានាផ្សារ ឃុំពានា ស្រុកស៊ីធរកណ្តាល ស្លាប់ទាំង២នាក់កន្លែងកើតហេតុ។ ម៉ូតូម៉ាកវីវ៉ា ពណ៌ខៀវ ស្លាកលេខស្ទឹងត្រែង1A.2030 សណ្តោងរម៉ក បើកដោយឈ្មោះ ទូច សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ភូមិកណ្តាល ឃុំស្ពានថ្មរ ស្រុកស្តៅកោង ខេត្តស្ទឹងត្រែង (របួសស្រាល)។ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1I.5108 បើកដោយឈ្មោះ រស់ សារ៉េន ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) រួមដំណើរ២នាក់ ទី១ឈ្មោះ នាង ភេទស្រីអាយុ៧៥ឆ្នាំ(របួសស្រាល) និងឈ្មោះ ហ៊ី រ៉ាំ ភេទស្រី អាយុ៤៩ឆ្នាំ (របួសស្រាល)អ្នកទាំង៣នាក់ រស់នៅភូមិស្រឡូង ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ជាមួយគ្នា។ អ្នករងរបួស៤នាក់បញ្ជូនទៅព្យាបាលមន្ទីពេទ្យបង្អែកថ្លាវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ម៉ូតូ និងម៉ូតូរម៉ក សមត្ថកិច្ចនាំទៅរក្សាទុកនៅប៉ុស្តិ៍ព្រៃខ្លា និងបានស្រាវជ្រាវរកឃើញម្ចាស់រថយន្តឈ្មោះ ហាក់ ជីវ ភេទប្រុស អាយុ៤៩ឆ្នាំ ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អ្នកបើកបររថយន្តឈ្មោះ អ៊ិន សុផល
ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិសែប ឃុំសែប ស្រុកកំពង់ក្រឡាច ខេត្តកំពង់ឆ្នាំង៕






មតិយោបល់