អាការឈឺបំពង់ក គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យលោកអ្នកមានការឈឺចាប់ពិបាកក្នុងការលេបចំណីអាហារ លេបទឹកមាត់ ហើយសូម្បីតែការនិយាយស្តីក៏ដូច្នោះដែរ។ ទន្ទឹមនឹងនេះការទទួលទានតែធម្មជាតិ ឬអាហារមួយចំនួនអាចជួយបំបាត់អាការឈឺបំពង់កបាន ក៏ប៉ុន្តែមានអាហារខ្លះអាចបណ្តោលឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង ហេតុនេះអ្នកគួរតែមានការប្រុងប្រយ័ត្ន។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែរអ្នកគួរជៀសវាង នៅពេលឈឺបំពង់ក៖
អាហារហិរ
ទោះបីជាការញ៉ាំអាហារហិរអាចជួយឲ្យយើងជាពីជំងឺផ្តាសាយ និងមានអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារក៏ពិតមែន ប៉ុន្តែចំពោះអ្នកដែលមានជំងឺរលាកបំពង់ក មិនមែនជាជម្រើសល្អនោះទេ។
ការញ៉ាំ ម្ទេស គឹជាអាហារក្តៅដែលអាចបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរចំពោះបំពង់ក។ ដូច្នេះដើម្បីជៀសវាងផលអាក្រក់ អ្នកគួរតែផ្អាកទទួលទានអាហារហិរ សូម្បីតែគ្រឿងទេសដែលមានរស់ជាតិហិរក៏ដោយ។
កាហ្វេអ៊ីន
យើងដឹងហើយថា កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់មនុស្សស្ទើរតែគ្រប់រូប ក៏ប៉ុន្តែការទទួលទានកាហ្វេនៅពេលឈឺបំពងក អាចបង្កឲ្យមានអាការរមាស់ និងឈឺចាប់កាន់តែខ្លាំង។ ដូច្នេះ សូមជំនួសការញ៉ាំកាហ្វេ ដោយទឹកត្រជាក់ ឬទឹកក្តៅឧណ្ឌៗមួយកែវវិញ ដើម្បីជៀសវាងអាការឈឺបំពងក និងរមាស់។
គ្រឿងស្រវឹង
ជាតិអាល់កុល អាចធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅនៅក្នុងរដូវរងា ប៉ុន្តែវាមិនល្អសម្រាប់អ្នកដែលឈឺបំពង់កនោះទេ។ ជាពិសេសស្រា ឬស្រាបៀរដែលក្លាសេត្រជាក់ៗ ឬក៏បន្ថែមទឹកកក គឺកាន់តែធ្វើឲ្យជំងឺឈឺកាន់តែធ្ងន់ធ្ងរ។
អាហារស្ងួត
នៅពេលដែលអ្នកឈឺបំពង់ក គួរតែជៀសវាងការទទួលទានប្រភេទអាហារស្ងួត ព្រោះធ្វើឲ្យអ្នកលំបាកក្នុងការលេប ហើយមានការឈឺចាប់ផងដែរ។ ជាពិសេសគ្រាប់ធញ្ញាជាតិ ឬផ្លែឈើក្រៀម ហើយយកល្អគួរតែព្យាយាមទទួលទានអាហារទន់ៗរហូតទាល់តែជំងឺជាសះស្បើយ៕

ប្រភព៖ soha
មតិយោបល់