ព័ត៌មានជាតិ

ភ្លៀងមួយមេ​ កាលពីយប់ថ្ងៃទី៦​ ធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ជន់លិច

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឈានចូលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ​២០២០​ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ​ បានធ្វើឲ្យតំបន់ខ្លះ នៃស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បានរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង​។
ជាក់ស្តែងផ្ទះរបស់បងប្អូនយោធិនពិការ​ នៅមណ្ឌលអភិវឌ្ឍន៍​ យោធិនពិការ៣១៧​ តេជោ​ ភ្នំឆ័ត្រប្រមាណជិត ៤០ខ្នង​ ដោយការជន់លិចដោយសារទឹកភ្លៀង​ ក៏ដូចជាតំបន់មួយចំនួនទៀតផងដែរ​ ។

បើតាមការបញ្ជាក់ពីអុំប្រុសម្នាក់​ ដែលជាយោធិនពិការ នៅទីនោះ ប្រាប់ឲ្យដឹងថា​ ៖​ កាលពីវេលាម៉ោងប្រហែល ៩​យប់ថ្ងៃទី៦​ ខែសីហា​ មានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតដល់​ ម៉ោង២​ ឈានចូលថ្ងៃទី៧​ ខែសីហា​ បានធ្វើឲ្យផ្ទះរបស់គាត់​ នៅក្នុងមណ្ឌលអភិវឌ្ឍន៍​ យោធិនពិការ៣១៧​ តេជោ​ ភ្នំឆ័ត្ររួមនឹងផ្ទះបងប្អូនជាយោធិនពិការ ប្រមាណជិត៤០ខ្នង​ បានរងការលិច។

លោក​ វរសេនីយ៍ទោ​ សុខ​ ស្រេង​ នាយរងមណ្ឌលអភិវឌ្ឍន៍​ យោធិនពិការ៣១៧​ តេជោ​ ភ្នំឆ័ត្រក៏បានប្រាប់ថា​ ៖​ ភ្លៀងធ្លាក់បានធ្វើឲ្យផ្ទះបងប្អូនយោធិនពិការប្រមាណ៤០ខ្នងរងការជន់លិច​ ក្នុងចំណោមផ្ទះបងប្អូនយោធិនការសរុបជិត៤០០ខ្នង។ ទឹកដែលជន់លិចនេះ បានហូរមកពីផ្នែកខាងលើ មកដល់ផ្លូទី៥នេះ​ បានធ្វើឲ្យលិចផ្ទះយោធិនខាងលើនេះតែម្តង​ ដោយលូមានមុខកាត់តូចហូរមិនទាន់​ ដូច្នេះហើយធ្វើឲ្យលិចតែម្តង។

លោក​ លឿង​ សុភក្តិ​ អភិបាលស្រុកស្វាយចេក​ ក៏បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង តាមទូរសព្ទថា​ ៖​ ចំពោះកាលពីយប់ថ្ងៃទី៦ ភ្លៀងបានធ្លាក់គ្របដណ្តប់ទូទាំងស្រុកស្វាយចេក​ ទាំង៨ឃុំ​ ក្នុងនោះនៅមណ្ឌលអភិវឌ្ឍន៍​ យោធិនពិការ៣១៧​ តេជោ​ ភ្នំឆ័ត្រ​ គឺរងផលប៉ះពាល់បានលិចផ្ទះ បងប្អូនយោធិនពិការ​ប្រមាណ៤០ខ្នង​ ហើយវាក៏បានស្រក់ជាបណ្តើរៗ ហើយផងដែរ​។ ទន្ទឹមនឹងនោះ​ចំពោះផលដំណាំបងប្អូនពលរដ្ឋមិនមានការគំរាមកំហែង​ ពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះទេ​។

ក្នុងនោះលោក​ អភិបាលស្រុក​ ក៏បានធ្វើការសំណូមដល់បងប្អូនពលរដ្ឋ នៅពេលមេឃរកកល់ចង់ភ្លៀង​ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា​ ផ្គរ​ រន្ទះ​ និងខ្យល់កន្ត្រាក់ ដែលតែងតែកើត នឹងបានធ្វើការណែនាំ​ ឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ​ ដោយនៅរដូវនេះ​ អាចប្រឈមនឹងទឹកជំន​ន់ទឹកភ្លៀង​ ក្រែងកើតមានករណីជាយថាហេតុណាមួយកើតមានឡើង​ ពិសេសប្រុងប្រយ័ត្នចំពោះសត្វអសិរពិសជាដើម។

លោក​ លឿង​ សុភក្តិ​ ក៏បានបញ្ជាក់បន្ថែមថា​ ៖​ អាជ្ញាធរស្រុកបានធ្វើការត្រៀមនូវសម្ភារៈចាំបាច់​ ដូចជាថ្នាំដង្កូវ​ ស្បៀងផ្សេងៗ សម្រាប់ជួយសង្គ្រោះ បងប្អូនពលរដ្ឋក្នុងករណីចាំ​ នៅពេលមានទឹកជំនន់កើតមានឡើង៕​

មតិយោបល់