ព័ត៌មានជាតិ

រណ្តៅដីធំៗ ជីកដល់ក្បាលប្រែតនៅកៀនស្វាយ ពលរដ្ឋប្រតិកម្ម ក្រសួងរ៉ែ និងថាមពល អត់ដឹង

កណ្តោលៈ រណ្តៅដីគេជីកយកអាចម៍ដីលក់ច្រើនកន្លែងបាននឹងកំពុងតែប្រើគ្រឿងចក្រជីកយ៉ាងគគ្រឹកគក្រេង ហើយមានរណ្តៅខ្លះជីកស្ទើរតែដល់ក្បាលប្រែតទៅហើយ តែគេពុំមានឃើញអាជ្ញាធរចុះទៅទប់ស្កាត់នោះទេ រីឯខាងក្រសួងរ៉ែ និងថាមពលវិញអត់ដឹង អត់ឮ អត់ឃើញតែម្តង ទោះបីជាមានប្រជាពលប្តឹងនឹងតវ៉ាច្រើនលើករួចមកហើយក្តី។

រណ្តៅដូចម្រាមដៃ ដែលគេកំពុងជីយកអាចម៍ដីលក់ដល់ក្បែលប្រែតនោះ មានទីតាំងនៅជិតទួលអ្នកតាចិនក្នុងភូមិឈើទាល ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ហើយបើយើងទៅតំបន់នោះត្រូវធ្វើដំណើរតាមផ្លូវព្រែកប្រា ហួសកោះក្របីបន្តិចនឹងហួសផ្លូវទំនប់ជាស៊ីមបន្តិចរួចបត់ឆ្វេងចូលទៅខាងក្រោយភូមិប្រជាពលរដ្ឋនឹងបានឃើញរណ្តៅដីដ៏ធំៗស្ទើរតែដល់ក្បាលប្រែតទាំងនោះហើយ។

ប្រភពបានឱ្យ Post News ដឹងថា រណ្តៅដីធំៗជីកដល់ក្បាលប្រែតនោះ មានថៅកែវ័យក្មេងម្នាក់គេហៅថា លោក រតនៈ ជាអ្នកនៅភ្នំពេញ។ ប្រជាពលរដ្ឋនៅភូមិឈើទាលច្រើនគ្រួសារបានប្រតិកម្មយ៉ាងខ្លាំងទៅហ្នឹងថៅកែដីទាំងនោះ នឹងថែមទាំងប្តឹងទៅអាជ្ញាធរច្រើនលើកដែរ។

ពលរដ្ឋនៅទីនោះបានបញ្ជាក់ថា នៅពេលពលរដ្ឋប្តឹងគេឃើញមានអាជ្ញាធរចុះទៅមើល នឹងជួបក្រុមឈ្មួញឃើញចាប់ដៃចាប់ជើងគ្នាដែរ រួចហើយ ក៏ស្ងាត់ឈឹងរហូតតែម្តងទៅ មិនដឹងថាថៅកែ រណ្តៅនោះផ្តល់សំណូកប៉ុន្មានដល់អាជ្ញាធរនោះទេ។

ប្រជាពករដ្ឋបានឱ្យដឹងថា អាចម៍ដែលគេជីកនៅទីនេះបានដឹកទៅលក់នៅ តំបន់ក្បែររោងចក្រថៃហ្គ័រ និងលក់គ្រប់កន្លែងនៅផងដែរ។ រណ្តៅដីមួយដ៏ធំត្រូវបានឈ្មួញជីករំលោភមកដល់ជាប់នឹងទ្រូងផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ សកម្មភាពជីកនៅជាប់នឹងផ្លូវនោះ ប្រជាពលរដ្ឋបានតវ៉ាដែរ តែត្រូវថៅកែដីនឹងមេការ បានគំរាមកំហែងមកលើពួកគាត់ទៀតផង។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅមុនមានការជីកដីនោះ គឺពួកថៅកែរណ្តៅដីបានដើរទិញដីភូមិពីប្រជាពលរដ្ឋថា ទុកអភិវឌ្ឍន៍ដាំដំណាំ នឹងកសាងសំណង់ផ្សេងៗ តែផ្ទុយទៅវិញ ពេលទិញបានហើយ បែរជាគេដាក់គ្រឿងចក្រមកជីកយកអាចម៍ដីលក់ទៅវិញ បង្កឱ្យមានរណ្តៅដីធំៗមានជម្រៅស្ទើរដល់ក្បាលប្រែត ជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនចៅយ៉ាងខ្លាំង។

រឿងរណ្តៅដីខាងលើនេះ ពលរដ្ឋបានអស់ជំនឿទៅលើអាជ្ញាធរស្រុក ខេត្ត នោះហើយ ដោយពួកគាត់បានសំណូមពរមកខាងក្រសួងរ៉ែ នឹងថាមពល ឱ្យជួយចុះពិនិត្យនឹងទប់ស្កាត់ការជីករណ្តៅយកអាចម៍ដល់ក្បាលប្រែតនៅភូមិឈើទាលនេះផង៕

មតិយោបល់